(សិង្ហបុរី)៖ លោក Desmond Tan រដ្ឋមន្ត្រីក្រសួងនិរន្តរភាពនិងបរិស្ថានសិង្ហបុរីបានឱ្យដឹងថា ការផ្គត់ផ្គង់សាច់មាន់នៅសិង្ហបុរីនៅតែមានស្ថិរភាព ដោយសារការនាំចូលសាច់មាន់ក្លាសេ និងសាច់មានកកពីប្រភពផ្សេងទៀត ដែលរំពឹងថានឹងទៅដល់ប្រទេសនេះក្នុងឆាប់ៗនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Tan ដែលបានថ្លែងនៅចុងសប្តាហ៍មុនថា អាជ្ញាធរសិង្ហបុរីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មនេះដើម្បីនាំចូលសាច់មាន់ក្លាសេពីប្រភពផ្សេងទៀតក្រៅពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រទេសនេះបានដាក់បម្រាមរបស់ខ្លួនលើការនាំចេញសាច់មាន់។

លោកមានប្រសាសន៍នៅក្នុងវីដេអូដែលបង្ហោះតាមហ្វេសប៊ុកដោយមានរូបភាពទូរក្លាសេ ធ្នើ និងសាច់មាននៅក្នុងផ្សារទំនើបមួយថា៖ «ឧទាហរណ៍ នេះជាសាច់មាន់ដែលទើបមកដល់ថ្មីពីប្រទេសអូស្ត្រាលី»

លោក Tan បានកត់សម្គាល់ថា៖ «អ្នកចែកចាយអាហារម្នាក់ក្នុងចំណោមអ្នកចែកចាយរបស់យើង ក៏សម្រេចបានកិច្ចព្រមព្រៀងមួយក្នុងការបង្កើនការនាំចូលសាច់មាន់ក្លាសេរបស់គាត់ពីប្រទេសថៃរហូតដល់ ១០ដង»

លោកមានប្រសាសន៍ថា៖ «ប្រជាជនសិង្ហបុរីអាចរំពឹងថានឹងមានការផ្គត់ផ្គង់សាច់មាន់ក្លាសេពីអូស្ត្រាលី និងប្រទេសថៃកាន់តែច្រើន ក៏ដូចជាសាច់មាន់កកពីប្រភពនានាដូចជាប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ»

យោងតាមកាសែត Channel News Asia សិង្ហបុរីនាំចូលសាច់មាស់ប្រហែលមួយភាគបីនៃការនាំចូលសាច់មាន់របស់ខ្លួនក្នុងឆ្នាំ២០២១ ពីប្រទេសម៉ាឡេស៊ី ហើយស្ទើរតែការនាំចូលទាំងអស់ គឺជាការនាំចូលមាន់រស់ដើម្បីមកសម្លាប់យកសាច់ និងក្លាសេនៅក្នុងស្រុក។ ប្រភពនាំចូលសាច់មាន់សំខាន់ៗផ្សេងទៀត រួមមានប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក។

ការហាមឃាត់ការនាំចេញសាច់មាន់រហូតដល់ ៣,៦ លានក្បាលក្នុងមួយខែរបស់ម៉ាឡេស៊ីបានប៉ះពាល់ដល់អ្នកលក់ដូនៅក្នុងផ្សារនានានៅសិង្ហបុរី និងភោជនីយដ្ឋានមួយចំនួនក្នុងប្រទេសនេះ ខណៈដែលពួកគេជួបបញ្ហាកង្វះការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ។ នេះបើយោងតាមកាសែត Channel News Asia៕