(ភ្នំពេញ)៖ លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផលបានឲ្យដឹងថា កម្ពុជានឹងនាំចេញត្រីប្រាទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈភាគីចិនបានឯកភាពរួចរាល់អស់ហើយ បន្ទាប់ពីកម្ពុជាបានបំពេញឯកសារ និងចំណុចខ្វះខាតនានាដែលភាគីចិនបានតម្រូវរួចរាល់។

លោក ហាវ វិសិដ្ឋ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បញ្ជាក់ថា កិច្ចព្រមព្រាងស្តីពីការនាំត្រីប្រាទៅកាន់ប្រទេសចិន បានចុះហត្ថលេខារួចរាល់ហើយ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីអគ្គរដ្ឋបាលគយនៃប្រទេសចិន។

លោកបានបន្ថែមថា កន្លងមករដ្ឋបាលជលផល ក៏បានអញ្ជើញសហគ្រាសកែច្នៃត្រីនៅកម្ពុជា ដែលបានចុះបញ្ជីជាមួយរដ្ឋបាលជលផលកម្ពុជា និងជាមួយភាគីអគ្គរដ្ឋបាលគយនៃប្រទេសចិន មកជួបពិក្សាគ្នាជាមួយតំណាងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីទាំង៣កន្លែង ដើម្បីពិភាក្សាតម្លៃត្រី ដែលភាគីអ្នកចិញ្ចឹមត្រីប្រាអាចលក់បាន និងភាគីសហគ្រាសកែច្នៃត្រីអាចទិញបាន ក្នុងរូបភាពមួយដែលផ្ដល់ផលចំណេញទាំងសមខាង បន្ថែមពីនេះក៏ត្រូវគិតពិចារណាពីតម្លៃត្រីប្រា ប្រកួតប្រជែងលើទីផ្សារសេរីផងដែរ។

លោកបានបន្ដថា «កសិដ្ឋានចិញ្ចឹមត្រីប្រាទាំង៣កន្លែងដែលបានបំពេញបែបបទ និងចុះបញ្ជីជាមួយរដ្ឋបាលជលផល និងបានដាក់សំណើសុំពីភាគីគយចិនកន្លងមក ក៏ត្រូវបានភាគីខាងចិនបានយល់ព្រម និងអនុញ្ញាតនាំត្រីប្រាទៅប្រទេសចិន»

លោកបានបញ្ជាក់ថា «ក្នុងករណីភាគីម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា និងភាគីសហគ្រាសកែច្នៃត្រី យល់ព្រមអំពីតម្លៃលក់ចេញ និងទិញចូល នោះភាគីសហគ្រាសកែច្នៃត្រីនៅកម្ពុជា នឹងមានផែនការនាំត្រីប្រាទៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែភាគីអគ្គរដ្ឋបាលគយ នៃប្រទេសចិនបានអនុញ្ញាតឱ្យកម្ពុជា អាចនាំត្រីប្រាកែច្នៃចូលទៅប្រទេសចិនបានហើយ»

សូមជម្រាបថា បើតាមរដ្ឋបាលជលផល ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគវារីវប្បករកម្ពុជា បានជំរុញឲ្យអ្នកចិញ្ចឹមត្រីប្រា ត្រូវធ្វើយ៉ាងណា ចិញ្ចឹមឲ្យមានលក្ខណៈស្ដង់ដារល្អ ដើម្បីត្រូវនឹងទីផ្សារប្រទេសចិន ដែលគេចង់បាន ដោយទឹកត្រូវតែល្អ, សាច់ត្រីប្រា ត្រូវមានសាច់ល្អ និងត្រូវស្ដង់ដារ៕