(ព្រុចសែល)៖ សហភាពអឺរ៉ុបចង់បង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីទីបីបន្ទាប់ពីផ្អាករយៈពេលប្រាំមួយខែ ខណៈដែលប្លុកនេះសម្របខ្លួនទៅនឹងសង្រ្គាមអ៊ុយក្រែន និងបញ្ហាប្រឈមផ្សេងទៀត។ នេះបើយោងតាមលោក Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Dombrovskis ថា មានការ «ព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ» ក្នុងចំណោមរដ្ឋមន្ត្រីដែលជួបប្រជុំគ្នានៅប្រទេសលុចសំបួថា សហភាពអឺរ៉ុបគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។

លោកបានមានប្រសាសន៍ថា៖ «យើងត្រូវពិចារណាឡើងវិញនូវទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដើម្បីធានាសុវត្ថិភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់របស់យើង និងបង្កើតឱកាសថ្មីសម្រាប់អ្នកនាំចេញរបស់យើង។

លោក Dombrovskis បាននិយាយថា សង្រ្គាមអ៊ុយក្រែនគឺជាកត្តាចម្បង ប៉ុន្តែមិនមែនជាកត្តាចម្បងតែមួយគត់ដែលស្ថិតនៅពីក្រោយការផ្តោតអារម្មណ៍កាន់តែខ្លាំងរបស់អឺរ៉ុបទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។ គោលជំហរមិនច្បាស់លាស់របស់ប្រទេសចិនចំពោះការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក៏ជាបញ្ហាមួយផងដែរ ទោះបីជាទីក្រុងព្រុចសែលនៅតែត្រូវការពិភាក្សាជាមួយទីក្រុងប៉េកាំងក៏ដោយ។

ក្រុមអ្នកការទូតសហភាពអឺរ៉ុបនិយាយថា ប្រទេសបារាំងដែលកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបរយៈពេលប្រាំមួយខែ បានបញ្ឈប់សកម្មភាពនានាទាក់ទងនឹងការការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជាកិច្ចព្រមព្រៀងជាមួយប្រទេសស៊ីលី និងម៉ិកស៊ិក ដើម្បីកុំឱ្យរំខានដល់ការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភាក្នុងខែមេសា និងមិថុនា។

ប្រទេសបារាំងមានភាពរសើបចំពោះការកើនឡើងការនាំចូលសាច់គោ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មបែបនេះអាចនាំមក ប៉ុន្តែបានបដិសេធថាខ្លួនមិនមែនកំពុងផ្អាកដំណើរការចរចាកិច្ចព្រមព្រៀងនានានោះឡើយ។ សាធារណរដ្ឋឆេកដែលជាប្រទេសនិយមពាណិជ្ជកម្មសេរីជាងបារាំងនោះនឹងឡើងកាន់តំណែងជាប្រធានសហភាពអឺរ៉ុបនៅថ្ងៃទី១ ខែកក្កដា។

លោក Ville Skinnari រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសហ្វាំងឡង់ បាននិយាយមុនកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីនេះថា ប្រទេសរបស់លោកគឺជាអ្នកគាំទ្រដ៏រឹងមាំដល់កិច្ចព្រមព្រៀងជាមួយប្លុក Mercosur ដែលរួមមានប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ូហ្កាយ ដែលសម្រេចបាននៅឆ្នាំ២០១៩ ប៉ុន្តែបានផ្អាកវិញដោយសារការព្រួយបារម្ភរបស់សហភាពអឺរ៉ុបអំពីការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន។

រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក Franck Riester បាននិយាយថា វាជារឿងសំខាន់ដែលបណ្តាប្រទេសមកពីប្លុក Mercosur ផ្តល់ការធានាលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មុនពេលកិច្ចព្រមព្រៀងអាចត្រូវបានផ្តល់សច្ចាប័ន។

សហភាពអឺរ៉ុបក៏កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអូស្ត្រាលី ណូវែលសេឡង់ ឥណ្ឌូនេស៊ី និងឥណ្ឌាផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕