(រីយ៉ាដ)៖ ក្រុមប្រទេសផលិតប្រេងឆៅ OPEC+ នឹងបង្កើនទំហំនៃការបន្ថែមការផ្គត់ផ្គង់ប្រេងរបស់ខ្លួនប្រហែល ៥០% ក្រោយរកសម្ពាធជាច្រើនខែពីប្រទេសប្រើប្រាស់ប្រេងធំៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីជួយសម្រាលការរងគ្រោះដោយសារតម្លៃថាមពលខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

គណៈប្រតិភូមួយក្រុមដែលបានស្នើសុំមិនបញ្ចេញឈ្មោះនិងបានដឹងពីការពិភាក្សាជាលក្ខណៈឯកជននេះបានប្រាប់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរដ្ឋមន្ត្រីក្រសួងថាមពលមកពីក្រុមប្រទេស OPEC+ បានព្រមព្រៀងគ្នាថា OPEC+ គួរតែបន្ថែមទិន្នផលប្រេង ៦៤៨ ០០០បារ៉ែលក្នុងមួយថ្ងៃទៅក្នុងទីផ្សារសម្រាប់ខែកក្កដា និងសីហា ពោលគឺកើនឡើងពី ៤៣២ ០០០បារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

ក្រុមគណៈប្រតិភូទាំងនេះបាននិយាយថា ការបង្កើនបរិមាណប្រេងឆៅនេះនឹងត្រូវបានបែងចែកតាមសមាមាត្ររវាងសមាជិកតាមរបៀបធម្មតា។ ប្រទេសដែលមិនមានលទ្ធភាពបង្កើនផលិតកម្ម ដូចជា អង់ហ្គោឡា នីហ្សេរីយ៉ា និងរុស្ស៊ីថ្មីៗនេះ នឹងនៅតែត្រូវបានបែងចែកកូតាដដែលសម្រាប់ការដំឡើងនេះ។ នោះអាចមានន័យថា ការបង្កើនការផ្គត់ផ្គង់ជាក់ស្តែងនឹងមានបរិមានតូចជាងតួលេខផ្លូវការ ដូចដែលតែងតែកើតមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការបង្កើនការផ្គត់ផ្គង់បន្ថែមពីក្រុមប្រទេស OPEC+ នឹងប្រហែលមកពីប្រទេសមួយចំនួន។ មានតែប្រទេសអារ៉ាប៊ីសាអូឌីត និងអាមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលមានសមត្ថភាពបម្រុងសម្រាប់ការបង្កើនទិន្នផលប្រេង ដែលអាចកើនឡើងយ៉ាងឆាប់រហ័ស។ សមាជិកជាច្រើនផ្សេងទៀតកំពុងត្រដាបត្រដួសក្នុងការសម្រេចគោលដៅទិន្នផលរបស់ពួកគេអស់ជាច្រើនខែមកហើយ។

ផលិតកម្មប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការលុកលុយលើអ៊ុយក្រែនដោយសារការរួមគ្នាដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ការលំបាកក្នុងការដឹកជញ្ជូន និងការបដិសេធមិនទិញដោយអតិថិជនប្រចាំមួយចំនួនរបស់ខ្លួន។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ទិន្នផលប្រេងរបស់រុស្ស៊ីគឺ ១,៣លានបារ៉ែលក្នុងមួយថ្ងៃដែលស្ថិតក្រោមគោលដៅរបស់ក្រុមប្រទេស OPEC+ ក្នុងខែមេសា។

OPEC+ គឺជាក្រុមប្រទេសផលិតប្រេងចំនួន២៤ ដែលបង្កើតឡើងដោយសមាជិកទាំង១៣ របស់អង្គការ OPEC និងប្រទេស ១១ផ្សេងទៀតដែលមិនមែនជាសមាជិករបស់អង្គការ OPEC៕