(ឌូបៃ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋសមាជិកផ្សេងទៀតរបស់អង្គការ OPEC អាចនឹងបង្កើនផលិតកម្មប្រេង ដើម្បីប៉ះប៉ូវដល់ការធ្លាក់ចុះទិន្នផលប្រេងរបស់រុស្ស៊ី ពោលគឺជាវិធានការមួយដែលអាចបន្ធូរបន្ថយតម្លៃប្រេងដែលកើនឡើងខ្ពស់ និងកំណើនអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពចំនួនពីរមកពីក្រុមប្រទេសផលិតប្រេង OPEC+ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសផលិតប្រេងនេះកំពុងធ្វើការងារលើការបំពេញបន្ថែមទៅនឹងធ្លាក់ចុះទិន្នផលប្រេងរបស់រុស្ស៊ី ខណៈដែលផលិតកម្មប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះប្រហែល ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូចំពោះការលុកលុយប្រទេសអ៊ុយក្រែន។

ប្រភពផ្សេងទៀតបានឱ្យដឹងថា ក្រុមប្រទេសផលិតប្រេង OPEC + អាចបង្កើនល្បឿនកម្រិតបង្កើនទិន្នផលដល់ ៦៥០ ០០០ប៉ារ៉ែលក្នុងមួយថ្ងៃនៅខែកក្កដានិងសីហា ពោលគឺកើនឡើងពីផែនការដំបូងក្នុងការបង្កើនទិន្នផលនេះដែលមានតែចំនួន ៤៣២ ០០០បារ៉ែលក្នុងមួយថ្ងៃដែលគ្រោងធ្វើឡើងសម្រាប់ខែកក្កដា សីហា និងកញ្ញា។

ប្រេងបានធ្លាក់ថ្លៃ ១ដុល្លារមកនៅប្រហែល ១១៥ដុល្លារក្នុងមួយបារ៉ែល ដោយសារព័ត៌មានអំពីការបង្កើនបង្កើនទិន្នផលរបស់អង្គការ OPEC នេះ ប៉ុន្តែតម្លៃនេះនៅតែជិតដល់កម្រិតខ្ពស់ជាងមួយទសវត្សរ៍ដដែល បន្ទាប់ពីការកើនឡើងនៅឆ្នាំនេះជិតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ១៤៧ដុល្លារក្នុងមួយបារ៉ែល។

ប្រភពមួយរបស់ក្រុមប្រទេស OPEC+ ដែលដឹងពីស្ថានភាពរបស់ប្រទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូអាចយល់ព្រមជាមួយប្រទេសផលិតប្រេងផ្សេងទៀតក្នុងការដំឡើងទិន្នផលដើម្បីប៉ះប៉ូវទិន្នផលដែលធ្លាក់ចុះកាន់តែទាបរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕