(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ីផ្តល់តម្លៃដល់ទំនាក់ទំនងរបស់ខ្លួនជាមួយសិង្ហបុរី ហើយសង្ឃឹមថានឹងអាចដោះស្រាយស្ថានការណ៍ពាក់ព័ន្ធនឹងការហាមឃាត់ការនាំចេញសាច់មាន់ «ឱ្យបានឆាប់រហ័ស»។ នេះបើយោងតាមកាសែត Channel News Asia។

ដោយសំដៅលើការសម្រេចចិត្តរបស់ម៉ាឡេស៊ីក្នុងការបញ្ឈប់ការនាំចេញសាច់មាន់ជាបណ្ដោះអាសន្ន លោករដ្ឋមន្ត្រី Khairy Jamaluddin ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសសិង្ហបុរីថា៖ «យើងផ្តល់តម្លៃលើទំនាក់ទំនងទ្វេភាគីរបស់យើងជាមួយប្រទេសសិង្ហបុរី។ នេះមិនមែនជាការសម្រេចចិត្តងាយស្រួលទេសម្រាប់ពួកយើងក្នុងការធ្វើនោះទេ»។

កាសែត Channel News Asia បានរាយការណ៍ថា ការហាមឃាត់នាំចេញសាច់មាន់នេះបានធ្វើឡើងខណៈដែលប្រទេសម៉ាឡេស៊ីកំពុងជួបបញ្ហាកង្វះការផ្គត់ផ្គង់ដែលនាំឱ្យតម្លៃសត្វបក្សីកើនឡើងខ្ពស់ ហើយសិង្ហបុរីនាំចូលសាច់មាន់មួយភាគបីពីប្រទេសម៉ាឡេស៊ី ដែលស្ទើរតែទាំងអស់ត្រូវបាននាំចូលមកជាមាន់រស់ ដើម្បីសម្លាប់ និងដាក់បង្កកក្នុងប្រទេស។

លោក Khairy លោកសង្ឃឹមថា ស្ថានភាពនឹងមានលក្ខណៈ «បណ្តោះអាសន្ន» រហូតដល់បញ្ហាការផ្គត់ផ្គង់ និងបញ្ហាថ្លៃដើមមានស្ថិរភាព។ លោកមានប្រសាសន៍ថា៖ «នៅពេលនោះ បញ្ហាទាំងអស់ដោះស្រាយបានដោយខ្លួនឯងបាន ហើយយើងសង្ឃឹមថា វាអាចត្រូវបានដោះស្រាយបានយ៉ាងឆាប់រហ័ស»។

លោកបានពន្យល់ថា ម៉ាឡេស៊ីស្ថិតក្នុង «ស្ថានភាពលំបាកខ្លាំង» ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធនឹងចំណីមាន់ និង «បញ្ហាបម្រែបម្រួលអាកាសធាតុ» បានប៉ះពាល់ដល់ពេលវេលាលូតលាស់របស់មាន់។ លោកថ្លែងថា៖ «កត្តាទាំងអស់នេះបានរួមផ្សំគ្នាបង្កើតឱ្យមានស្ថានភាពដែលមានការខ្វះខាតការផ្គត់ផ្គង់ និងតម្លៃថ្លៃនៅម៉ាឡេស៊ី»។

លោកបានបន្ថែមថា៖ «ប្រទេសនានាច្បាស់ជានឹងសម្លឹងឆ្ពោះទៅរក្សាសន្តិសុខស្បៀងផ្ទាល់របស់ពួកគេ។ យើងក៏ដឹងយ៉ាងច្បាស់ថា យើងមានការទទួលខុសត្រូវក្នុងនាមជាអ្នកនាំចេញទៅកាន់ប្រទេសជិតខាងរបស់យើង រួមទាំងប្រទេសសិង្ហបុរីផងដែរ»៕