(ភ្នំពេញ)៖ អ្នកជំនាញវិស័យទេសចរណ៍បានមើលឃើញថា ករណីផ្ទុះនៃជំងឺអុតស្វានៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក មិនទាន់មានឥទ្ធិពលមកលើការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិនោះទេដោយសារតែជំងឺនេះមិនឆ្លងតាមផ្លូវដង្ហើមនោះទេ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា ចំពោះការផ្ទុះឡើងនៃជំងឺអុតស្វានេះ មិនមានជាបញ្ហាចោទចំពោះការវិវត្តរបស់ភ្ញៀវទេសចរ និងកិច្ចការងារផ្សេងៗនោះទេ ព្រោះបច្ចុប្បន្ននេះមានប្រទេសចំនួន២០បានឆ្លងជំងឺអុតស្វា តែមានអ្នកឆ្លងត្រឹមតែជិត៥០០នាក់ប៉ុណ្ណោះ ជំងឺអុតស្វានេះអាចចាត់ទុកថាជាជំងឺតូចមួយ និងមិនរីកសាយភាយចម្លងលឿនដូចជំងឺកូវីដ១៩នោះឡើយ។

លោកបានបន្ដថា «ជំងឺអុតស្វានេះមិនមានជាជំងឺដែលបង្កហានីភ័យ ប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្ដរជាតិ។ ក្នុងករណីមានការចម្លង ឬឆ្លងចូលក្នុងប្រទេសកម្ពុជា ចំពោះភ្ញៀវទេសចរក្នុងស្រុកក៏មិនបង្កផលប៉ះពាល់នោះដែរ ដោយសារតែជំងឺអុតស្វានេះ មិនចម្លងតាមរយៈផ្លូវដង្ហើម ការជួបទល់មុនគ្នាដូចជំងឺផ្ដាសាយ ឬជំងឺកូវីដ១៩នោះទេ ដូច្នេះជំងឺនេះមិនអាចរារាំងចលករ ក៏ដូចជាចរន្ដទេសចរណ៍ក្នុងស្រុកបាននោះទេ»។

លោក ហូ វណ្ឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះទេសចរណ៍កម្ពុជាកំពុងងើបសន្សឹមៗ តាមរយៈការបើកច្រកព្រំដែនរវាងកម្ពុជាថៃ និងកម្ពុជា-វៀតណាម យ៉ាងទូលំទូលាយដែលផ្ដល់ផលប្រយោជន៍ ដល់ប្រទេសទាំង៣រួមមានកម្ពុជា-ថៃ និងវៀតណាម ដោយទេសចរណ៍កម្ពុជាបានឆ្លងចូលទៅវៀតណាម ទេសចរណ៍វៀតណាម-ថៃ បានចូលមកកាន់កម្ពុជា តាមយៈការបើកច្រកទ្វារឡើងវិញនេះ។ នេះជាយុទ្ធសាស្រ្ដឈ្នះឈ្នះ និងជាវប្បធម៌ចែករំលែកនៃចំណូល និងជាការបន្ដចរន្ដឈាមនៃសេដ្ឋកិច្ច។

ដោយឡែកសម្រាប់ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «បច្ចុប្បន្ននេះយើងមិនអាចមើលឃើញពី កម្រិតប៉ះពាល់នៃជំងឺអុតស្វា ដល់វិស័យទេសចរណ៍នោះទេ ប៉ុន្ដែក្នុងករណីជំងឺនេះនៅតែវិវត្តខ្លាំងនោះអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍សារជាថ្មី ព្រោះវិស័យទេសចរណ៍ប្រៀបដូចឈើពុកផុយអីចឹង ដោយមិនទាន់រឹងមាំខ្លាំងកា្លនោះទេ»។

សូមជម្រាបថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា បច្ចុប្បន្នជំងឺអុតស្វា ឬ Monkeypox បានផ្តល់ហានិភ័យកម្រិតមធ្យម ចំពោះសុខភាពសាធារណពិភពលោក ក្រោយពីមានសេចក្តីរាយការណ៍អំពីជំងឺនេះ ក្នុងប្រទេសដែលមិនធ្លាប់រកឃើញពីមុនមក។

ប្រទេសចំនួន២៣ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ៕