(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មថ្មីជាមួយកោះតៃវ៉ាន់ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចាប់ផ្តើមផែនការសេដ្ឋកិច្ចថ្មីមួយសម្រាប់តំបន់អាស៊ី ដែលមិនបានរាប់បញ្ចូលកោះនេះទៅក្នុងកិច្ចព្រមព្រៀងនោះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិនឹង «ដើរទៅមុខយ៉ាងឆាប់រហ័សដើម្បីបង្កើតផែនទីបង្ហាញផ្លូវ» សម្រាប់ផែនការបង្កើតគំនិតផ្តួចផ្តើមសហរដ្ឋអាមេរិក-កោះតៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សទី២១ នៅសប្តាហ៍ខាងមុខ ដែលក្រោយមកនឹងមានកិច្ចប្រជុំទល់មុខផ្ទាល់នៅរដ្ឋធានីសហរដ្ឋអាមេរិកនៅពេលក្រោយក្នុងខែមិថុនា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីអាមេរិកម្នាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណង «សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងការប្តេជ្ញាចិត្តស្តង់ដារខ្ពស់ដែលបង្កើតវិបុលភាពរួមបញ្ចូល និងយូរអង្វែង» លើបញ្ហានានាដូចជា ការសម្របសម្រួលគយ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស្តង់ដាររួមស្តីពីពាណិជ្ជកម្មឌីជីថល សិទ្ធិការងារ ស្តង់ដារបរិស្ថានខ្ពស់ និងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សហគ្រាសរដ្ឋ និងការអនុវត្តមិនមែនទីផ្សារ។

ការប្រកាសស្តីពីកិច្ចចរចាជាមួយកោះតៃវ៉ាន់នេះបានកើតឡើងបន្ទាប់ពីមានកិច្ចប្រជុំតាមអ៊ីនធឺណិតមួយកាលពីថ្ងៃពុធរវាងអ្នកតំណាងរងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគឺលោកស្រី Sarah Bianchi និងប្រធានអ្នកចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់លោក John Deng។

ថ្លែងនៅក្នុងទីក្រុងតៃប៉ិ លោក Deng បាននិយាយថា ពួកគេសង្ឃឹមថា នឹងមានឱកាសក្នុងពេលឆាប់ៗនេះដើម្បីបង្កើតបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលកោះតៃវ៉ាន់ចង់សម្រេចបានជាមួយអាមេរិកជាយូរមកហើយ។

លោកបានបន្ថែមថា កោះតៃវ៉ាន់ក៏នឹងព្យាយាមផងដែរដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីសប្តាហ៍មុនដោយសហរដ្ឋអាមេរិកក្នុងភាពជាដៃគូជាមួយប្រទេសអាស៊ីចំនួន ១២ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕