(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រកាសកាលពីចុងខែឧសភាថា ខ្លួនបានបញ្ចប់ការផ្ទេរភាគហ៊ុន ៣៥ភាគរយនៅក្នុងក្រុមហ៊ុន Cambodia Angkor Air ទៅកាន់វិនិយោគិនថ្មីស្ថិតក្រោមការព្រមព្រៀងរវាងភាគីទាំងពីរក្នុងកិច្ចសន្យាផ្ទេរភាគហ៊ុន។ នេះបើយោងតាមកាសែត Vietnamnews។

កាសែត Vietnamnews បានរាយការណ៍នៅថ្ងៃទី១ ខែមិថុនាថា ក្រោយការផ្ទេរភាគហ៊ុនេះ ក្រុមហ៊ុន Cambodia Angkor Air លែងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះទៀតហើយ។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរួមដែលបានធ្វើសវនកម្មឆ្នាំ២០២១ បានបង្ហាញថា នៅថ្ងៃទី៣ ខែមករា ក្រុមហ៊ុន Vietnam Airlines បានទទួលប្រាក់ចំនួន ៣០លានដុល្លារអាមេរិក និង ៤លានដុល្លារទៀតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ពីវិនិយោគិនដើម្បីទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Cambodia Angkor Air។

ក្រុមហ៊ុន Vietnam Airlines បានទទួលប្រាក់កក់ចំនួន ១លានដុល្លារនៅឆ្នាំ២០១៩ ដែលធ្វើឱ្យចំនួនទឹកប្រាក់សរុបមានចំនួន ៣៥លានដុល្លារដែលស្នើនឹងភាគហ៊ុន ៣៥ភាគរយនៅក្នុងក្រុមហ៊ុន Cambodia Angkor Air។

ក្រុមហ៊ុន Cambodia Angkor Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រោមកិច្ចសន្យាបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានកាន់កាប់ភាគហ៊ុន ៤៩% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air។

យោងតាមកាសែត VN Express បន្ទាប់ពីបានលក់ចេញភាគហ៊ុនចំនួន ៣៥ភាគរយនេះហើយ ក្រុមហ៊ុនគ្រោងនឹងលក់ចេញភាគហ៊ុនដែលនៅសល់ ១៤ ភាគរយនៅចុងឆ្នាំនេះ។

កាលពីឆ្នាំមុន សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Cambodia Angkor Air បានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩ ដូចក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក្នុងតំបន់ និងពិភពលោកដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Cambodia Angkor Air បានខាតបង់ ១៧,៧លានដុល្លារ កើនឡើង ៣៧,២ ភាគរយបើធៀបនឹងការខាតបង់ក្នុងឆ្នាំ២០២០។ នេះបើយោងតាមកាសែត Vietnamenews៕