(កូឡុំបូ)៖ ប្រទេសស្រីលង្កាកំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីខ្ចីប្រាក់យ៉ាងហោចណាស់ ៣ប៊ីលានដុល្លារ តាមរយៈគ្រឹះស្ថានផ្តល់ប្រាក់កម្ចីបន្ថែម (EEF) របស់មូលនិធិ IMF។ នេះបើយោងតាមសេចក្តីរាយការណណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីពីប្រភពចំនួនពីរបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលស្រីលង្ការំពឹងថានឹងមានកិច្ចពិភាក្សាបច្ចេកទេសមួយផ្សេងទៀតជាមួយ IMF នៅដើមខែមិថុនានេះ ហើយសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកភ្លាមៗនៅចុងខែនេះ។

អ្នកនាំពាក្យរបស់មូលនិធិ IMF មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយផងដែរ។

ប្រទេសស្រីលង្កាបានស្នើសុំឱ្យមានផែនការសង្គ្រោះមួយដើម្បីយកឈ្នះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។ ប្រទេសនេះបានបរាជ័យសងបំណុលបរទេសមួយចំនួនកាលពីដើមឆ្នាំនេះ ហើយកំពុងតស៊ូក្នុងការចំណាយសម្រាប់ការនាំចូលទំនិញមូលដ្ឋានដូចជាប្រេងឥន្ធនៈ និងថ្នាំពេទ្យជាដើម៕