(ប៉េកាំង)៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិននៅថ្ងៃអង្គារបានប្រកាសកញ្ចប់វិធានការដែលមានចំនួន៣៣ ដែលគ្របដណ្តប់លើគោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ ការវិនិយោគ និងគោលនយោបាយឧស្សាហកម្មដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កញ្ចប់វិធានការជំរុញសេដ្ឋកិច្ចនេះបានគូសបញ្ជាក់ពីការផ្លាស់ប្តូររបស់ទីក្រុងប៉េកាំងឆ្ពោះទៅរកកំណើន បន្ទាប់ពីដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានវាយប្រហារទៅលើសេដ្ឋកិច្ច និងគំរាមកំហែងដល់គោលដៅកំណើន ៥,៥ភាគរយរបស់ទីក្រុងប៉េកាំងសម្រាប់ឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ដើម្បីស្តារការវិនិយោគ និងការប្រើប្រាស់ឡើងវិញ រដ្ឋាភិបាលចិនបានបញ្ជាឱ្យរដ្ឋាភិបាលថ្នាក់មូលដ្ឋានមិនត្រូវពង្រីកការទប់ស្កាត់លើការទិញរថយន្តថែមទៀតទេ ហើយអ្នកដែលត្រូវបានទប់ស្កាត់រួចហើយគួរតែបង្កើនកូតារបស់ពួកគេក្នុងការកាន់កាប់កម្មសិទ្ធិរថយន្តជាសន្សឹមៗមកវិញ។

ក្រសួងហិរញ្ញវត្ថុចិនក៏បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បន្ថយពាក់កណ្តាលនូវពន្ធលើការទិញរថយន្តម៉ាស៊ីនខ្នាតតូច។

ក្រុមប្រឹក្សារដ្ឋចិនបាននិយាយថា ប្រទេសចិននឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់ក្រុមហ៊ុនប្រតិបត្តិការភ្លែមហ្វមនានា ដែលត្រូវបានរំពឹងថានឹងដើរតួនាទីក្នុងការរក្សាស្ថិរភាពការងារ។

ក្រុមប្រឹក្សារដ្ឋបានបន្តថា ក្រុមហ៊ុនដែលជាប្រតិបត្តិការភ្លែតហ្វម ក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារលើវិស័យនានាផងដែរដូចជា កុំព្យូទ័រខ្លោដ បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាប្លុកឆេន (blockchain) ដែលជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ប្រទេសចិនកំពុងបន្ធូរបន្ថយការបង្ក្រាបលើភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

កញ្ចប់វិធានការបានបង្ហាញថា ប្រទេសចិនក៏នឹងពង្រីកការវិនិយោគឯកជន ពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការទិញរថយន្តនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផងដែរ ដើម្បីរក្សាស្ថិរភាពការវិនិយោគ។

នៅក្នុងវិស័យគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុវិញ ប្រទេសចិននឹងបង្កើនប្រសិទ្ធភាពហិរញ្ញប្បទានតាមរយៈទីផ្សារមូលធនដោយគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកឱ្យចុះបញ្ជីនៅទីក្រុងហុងកុង និងលើកកម្ពស់ការចុះបញ្ជីនៅក្រៅប្រទេសដោយក្រុមហ៊ុនប្រតិបត្តិករភ្លែតហ្វមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕