(ភ្នំពេញ)៖ រាជរដ្ឋាភិបាលក្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្រដ្ឋជាផ្លូវការ នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន៣០០លានដុល្លារ។ នេះបើតាមការឲ្យដឹងរបស់លោក ម៉ាង សុភារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារបច្ចេកទេស រៀបចំក្របខណ្ឌគោលនយោបាយ ស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ។

ថ្លែងឲ្យដឹងក្នុងកម្មវិធី «កិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក ម៉ាង សុភារ៉ា បានឲ្យដឹងថា «មូលបត្រដ្ឋនឹងត្រូវបោះផ្សាយជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២២នេះ ប៉ុន្ដែសម្រាប់ថ្ងៃជាក់លាក់នឹងត្រូវផ្សព្វផ្សាយលើគេហទំព័រ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងគោលបំណងជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ និងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ចំពោះមុខ រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែនការសកម្មភាពបន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទីផ្សារជាលើកដំបូងបាននៅឆ្នាំ២០២២។

លោកបាននប្ដថា ទន្ទឹមនេះរាជរដ្ឋាភិបាលក៏កំពុងបន្តរៀបចំផងដែរនូវ ក្របខណ្ឌគោលនយោបាយរួម ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ៕