(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរខែកាលពីថ្ងៃចន្ទ ខណៈដែលឈ្មួញបានរង់ចាំមើលថាតើសហភាពអឺរ៉ុបនឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីឬយ៉ាងណា ដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូដោយសារការលុកលុយប្រទេសអ៊ុយក្រែន។ នេះបើយោងតាមីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែកចាយនៅខែកក្កដា ដែលផុតកំណត់នៅថ្ងៃអង្គារស្អែកបានកើនឡើង ៣៧សេន ឬ ០,៣% ដល់ ១១៩,៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើងដល់កម្រិតខ្ពស់រហូតដល់ ១២០,៥ដុល្លារនៅវគ្គជួញដូរមុននេះ។ ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ៧៨សេន ឬ ០,៧% ដល់ ១១៥,៨៥ដុល្លារក្នុងមួយបារ៉ែល។

សហភាពអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទីប្រាំមួយប្រឆាំងនឹងប្រទេសរុស្ស៊ីដោយសារការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។

លោកស្រី Madhavi Mehta អ្នកវិភាគស្រាវជ្រាវទំនិញនៅក្រុមហ៊ុន Kotak Securities បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ប្រសិនបើយើងក្រឡេកមើលចលនាតម្លៃនាពេលថ្មីៗនេះ វាហាក់ដូចជាទីផ្សារបានរាប់បញ្ចូលករណីដែលថា សហភាពអឺរ៉ុបអាចឈានដល់កិច្ចព្រមព្រៀងមួយក្នុងទម្រង់នៃការរឹតបន្តឹងមួយចំនួនលើប្រេងឆៅរបស់រុស្ស៊ី»

លោកស្រីបានបន្ថែមថា៖ «យើងអាចនឹងឃើញការឡើងថ្លៃបន្ថែមទៀតបើមានការហាមឃាត់ពាណិជ្ជកម្មប្រេងទាំងស្រុក។ កិច្ចព្រមព្រៀងដែលមិនសូវខ្លាំងណាមួយ ឬកិច្ចព្រមព្រៀងណាមួយដែលរួមបញ្ចូលទាំងការលើកលែងនានា អាចនឹងមិនមានផលវិជ្ជមានច្រើនទេ»