(ភ្នំពេញ)៖ សមាគមវារីវប្បកម្មកម្ពុជា និងក្រុមអ្នកចិញ្ចឹមត្រី បានឱ្យដឹងថា យុទ្ធនាការទប់ស្កាត់បទល្មើសនេសាទ នៅបឹងទន្លេសាប និងការថយចុះការនាំចូលទីពីប្រទេសជិតខាង បានធ្វើទីផ្សារត្រីនៅកម្ពុជា ប្រសើរឡើងបណ្តើរៗហើយ ដោយបច្ចុប្បន្ននេះ តម្រូវការត្រីចិញ្ចឹមក្នុងស្រុកបានកើនឡើងពី១០ ទៅ៣០%។

លោក ឡែម ផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគមវារីវប្បកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែឧសភានេះថា ក្រោយស្ថានភាពកូវីដបានធូរស្រាល ទីផ្សារត្រីនៅកម្ពុជាប្រសើរឡើងជាឆ្នាំមុន ប៉ុន្តែតម្លៃវិញហាក់មិនឡើងថ្លៃនោះទេ គឺប្រហាក់ប្រហែលអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ដែរ។

លោកបន្តថា តម្រូវការកើនឡើងប្រមាណ៣០%នេះ គឺអាចផ្គត់ផ្គង់គ្រប់គ្រាន់ និងមិនធ្វើឱ្យកសិករប្រឈមនឹងការសល់ត្រី នៅក្នុងស្រះដូចឆ្នាំមុនទៀតនោះទេ ដោយសារតែកាលពីពេលកន្លងមកម្ចាស់ស្រះត្រីភាគច្រើន បានកាត់បន្ថយការចិញ្ចឹម។

លោកបញ្ជាក់ថា បើទោះបីទីផ្សារត្រីនៅកម្ពុជាប្រសើរឡើងវិញក៏ដោយ ប៉ុន្តែអ្នកចិញ្ចឹមត្រីមួយចំនួន ហាក់មិនទាន់សម្រេចចិត្ត ក្នុងការបង្កើនចំនួនត្រីនៅក្នុងស្រះនោះទេ នៅរង់ចាំស្ទាបស្ទង់ទីផ្សារសិន ស្របពេលដែលចំណី និងតម្លៃដឹកជញ្ជូនខ្ពស់ ហើយតម្លៃត្រីនៅដដែល ធ្វើឱ្យពួកគេទទួលបានចំណេញទាប។ តែយ៉ាងណាវិញ លោករំពឹងថា នៅចុងឆ្នាំតម្លៃត្រីនឹងកើនឡើងវិញ ដោយសារការបើកសេដ្ឋកិច្ចពេញលេញ និងការរៀបចំពិធីផ្សេងៗជាដើម។

លោក ឡែម ផូរ វរិទ្ធិ បានប្រាប់បន្ថែមថា «កសិករគាត់ប្រឈមនឹងការខាតបង់ និងមិនសូវចំណេញ ថ្វីត្បិតតែអាចលក់ចេញបាន ប៉ុន្តែតម្លៃត្រីលើទីផ្សារវាអត់ឡើងតាម ហើយយើងគិតពីចំណី និងការដឹកជញ្ជូនវាឡើងថ្លៃជាងមុន។ តម្លៃអត់ឡើងនេះសូម្បីតែខាងសមាគម ក៏មិនដឹងថាមកពីហេតុអីដែរ ព្រោះយើងមើលទៅការនាំចូលពីថៃ និងវៀតណាមមិនមានច្រើនទេ ដោយសារតម្លៃត្រីនៅវៀតណាមនៅថៃវាខ្ពស់ បើនាំចូលមកស្រុកខ្មែរ ក៏មិនចំណេញប៉ុន្មានដែរ អីចឹងមិនសូវមានការនាំចូលទេ។ ប៉ុន្តែអាចដោយ សារឈ្មួញកណ្តាលក្នុងស្រុកនេះ តម្លៃគាត់មិនបានដំឡើង នៅតែរក្សាតម្លៃមុនដដែល»

លោក លក លឿន ម្ចាស់កសិដ្ឋានចិញ្ចឹមនៅខេត្តកំពង់ចាម ដែលក្នុងមួយឆ្នាំអាចផលិតត្រីពី ៨០០ទៅ១០០០តោនយល់ថា ការដែលទីផ្សារត្រីប្រែប្រួលល្អជាងមុននេះ ដោយសាររាជរដ្ឋាភិបាលទប់ស្កាត់បទល្មើសនេសាទ នៅបឹងទន្លេសាប និងការនាំចូលពីប្រទេសជិតខាងវិញ ត្រូវបានកាត់បន្ថយ ព្រោះតែតម្លៃត្រីនៅវៀតណាម និងថៃ មានតម្លៃថ្លៃជាងកម្ពុជា ដែលធ្វើឱ្យទីផ្សារត្រីមិនចង្អៀតដូចកាលពី២ឆ្នាំមុន។

លោកថា ក្នុងមួយថ្ងៃលោកបញ្ចេញត្រីលក់ប្រមាណពី ២៥០០គីឡូទៅ២៨០០គីឡូ ក្នុងនោះ៦០% ត្រូវបានផ្គត់ផ្គង់នៅខេត្តកំពង់ចាម និង៤០%ទៀតផ្គត់ផ្គង់នៅតំបន់ព្រែកព្នៅ។

លោកលើកឡើងទៀតថា «ត្រី២ឆ្នាំមុន គឺឆ្នាំ២០២០, ២០២១ សម្រុកចូលពីវៀតណាមច្រើន ហេតុនេះត្រីចាល់នៅក្នុងស្រុក។ ចំនួនលក់ចេញហាក់មិនខុសគ្នាពីឆ្នាំមុនទេ ប៉ុន្តែបើធៀបទីផ្សាររវាងឆ្នាំ២០២១ និងឆ្នាំ២០២២ គឺឆ្នាំ២០២២ លក់ចូលទីផ្សារគឺបានទូលាយ តម្រូវការទីផ្សារយើងមានច្រើន»

លោកបន្តថា «ខ្ញុំមានផែនការ ត្រូវពង្រីកបន្តទៀត ប៉ុន្តែមានដំណាក់កាល។ នៅឆ្នាំនេះ ផែនការខ្ញុំបាន១ពាន់តោន អីចឹងឆ្នាំក្រោយនឹងពង្រីកឱ្យបាន ១២០០តោន ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក ព្រោះដោយសារឆ្នាំនេះ ទី១ ខាងរដ្ឋាភិបាល បានការពារបឹងទន្លេសាប ហើយមួយទៀតក៏យោងទៅលើស្ថានភាពតម្រូវការត្រីពីខាងក្រៅមកដែរ។ បើប្រទេសជិតខាងយើងចាល់ត្រីលក់ទៅប្រទេសគេខាងអត់បាន ច្បាស់ជាហូរចូលប្រទេសយើង។ យើងនឹងជួបបញ្ហាទៀត តែដោយសារឆ្នាំនេះខាងវៀតណាម គាត់អាចនាំចេញទៅប្រទេសផ្សេងៗទៀតបានអីចឹងតម្លៃគាត់ល្អ»

បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមត្រីរូបនេះ នៅឆ្នាំនេះតម្លៃត្រីឆ្តោ បានឡើងជាងឆ្នាំមុនប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែប្រភេទត្រីមួយចំនួនទៀត ដូចជាត្រីអណ្តែង ត្រីប្រា ត្រីពោរ និងត្រីក្រាញ់បានថយចុះជាងមុន ដោយសារតែប្រភេទត្រីទាំងនេះ អាចរកបានពីបឹង ទន្លេធម្មជាតិ និងភាគច្រើនការនាំចូលពីវៀតណាមជាប្រភេទត្រីបែបនេះ។

នៅឆ្នាំនេះ តម្លៃត្រីឆ្តោបានកើនឡើងដល់ ១២០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនតម្លៃ១១០០០រៀល។ ចំណែក តម្លៃត្រីប្រាវិញនៅឆ្នាំនេះ លក់បានតែមួយគីឡូ៤១០០រៀល ថយចុះ៤០០រៀលបើធៀបនឹងកាលពីឆ្នាំមុន។ ដូចគ្នានេះដែរ តម្លៃត្រីពោរនៅឆ្នាំនេះ គឺ៧០០០រៀល ថយចុះ៥០០រៀល។ ដោយឡែកនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះវិញ ត្រីឆ្តោមានតម្លៃ១២៥០០រៀល ត្រីប្រា ៥៥០០រៀល ត្រីពោរប្រហែល៧៥០០រៀល ។

តាមរបាយកការណ៍របស់ក្រសួងកសិកម្ម ការចិញ្ចឹមត្រី និងបង្គារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ មានចំនួន១៦ ៦៧០តោន ឬស្មើនឹង៤.៦៣%នៃផែនការ ថយចុះជាង៨ម៉ឺនតោនបើធៀបនឹងឆ្នាំ២០២១៕