(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកទឹកចិត្តក៏ដូចជាស្នើសុំដល់អ្នកជំនាញទេសចរណ៍ ឲ្យងាកត្រឡប់មកបម្រើការងារ ក្នុងវិស័យទេសចរណ៍ឡើងវិញ ស្របពេលប្រទេសកម្ពុជាបានវិលទៅរកស្ថានភាពល្អប្រសើរ បូករួមជាមួយនឹងការហូរចូលនៃភ្ញៀវទេសចរមកពីប្រទេសថៃ និងវៀតណាម។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ភ្ញៀវទេសចរអន្ដរជាតិបន្ដិចម្ដងៗ បានវិលត្រឡប់មកកម្ពុជាហើយ បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ បើកច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ បូករួមនឹងការលើកលែងទាមទារនូវឯកសារ និងការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនានារបស់ភ្ញៀវទេសចរ។

លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា «បច្ចុប្បន្ននេះភ្ញៀវទេសចរវៀតណាម ដែលចូលមកកម្ពុជាបាននាំមុខគេ ជំនួសភ្ញៀវទេសចរចិន ហើយភ្ញៀវទេសចរនាំមុខទី២នោះ គឺភ្ញៀវទេសចរថៃ។ កត្តាដែលនាំឲ្យភ្ញៀវទេសចរវៀតណាម និងថៃ នាំមុខក្នុងការចូលមកកាន់កម្ពុជា ដោយសារតែប្រទេសវៀតណាម-ថៃ ទើបបើកឲ្យមានការចរាចរណ៍ គួបផ្សំជាមួយភាពងាយស្រួល ក្នុងការធ្វើដំណើរចូលមកកម្ពុជា តាមរយៈការធ្វើដំណើរតាមផ្លូវគោក»

លោកស្រីបានបញ្ជាក់ថា «ខណៈកម្ពុជាកំពុងតែវិវត្តន៍ទៅរកស្ថានភាពល្អប្រសើរនៃកំណើនភ្ញៀវទេសចរ ក៏យើងនៅមានក្ដីព្រួយបារម្ភ ចំពោះខ្វះខាតនូវអ្នកជំនាញទេសចរណ៍ ដូច្នេះសូមលើកទឹកចិត្តឲ្យអ្នកជំនាញទេសចរណ៍ ចូលមកបម្រើការងារឡើងវិញ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យផលិតផលទេសចរណ៍មានកាន់តែច្រើន និងសម្បូរបែប ក្នុងការទាក់ទាញទេសចរអន្ដរជាតិ និងទាក់ទាញទេសចរជាតិ កុំឲ្យធ្វើដំណើរចេញទៅទេសចរទៅក្រៅប្រទេសច្រើនពេក ព្រោះថាបច្ចុប្បន្ននេះពេលបណ្ដាប្រទេសផ្សេងៗ ចាប់ផ្ដើមបើកដំណើរការឃើញមានការហៀរចេញនៃភ្ញៀវជាតិ ទៅក្រៅប្រទេសមានច្រើនគួរសម»

លោកស្រីបានបន្ដថា កត្តាទាំងនេះទើបភ្នាក់ងារទេសចរណ៍ រិះរកមធ្យោបាយផ្ដល់នូវសេវាកម្ម មានស្ដង់ដារ គុណភាព គួបផ្សំផលិតផលទេសចរណ៍ គោលដៅ និងរមណីយដ្ឋាននានា ធ្វើយ៉ាងណាឲ្យមានសេវាកម្មសម្បូរបែបថ្មីៗ បូករួមជាមួយតម្លៃសមរម្យ។

សូមជម្រាបថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ។

លោក ថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។ លោកបានលើកឡើងនូវចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន។

គួរជម្រាបថា កម្ពុជា វៀតណាម និងថៃបានដាក់ចេញរួចមកហើយ នូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក ក៏បានមើលឃើញពីភាពវិជ្ជមាននៃលំហូរចូលនៃភ្ញៀវទេសចរអន្ដរជាតិ ក្នុងតំបន់អាស៊ាន ដោយទេសចរណ៍អន្ដរជាតិចាប់ផ្ដើម ចូលមកកម្ពុជាបន្ដិចម្ដងៗ ដោយក្នុងនោះមានទេសចរណ៍មកពីប្រទេសវៀតណាម ថៃ ឥណ្ឌូនេស៊ីជាដើម។

ប៉ុន្ដែទោះជាយ៉ាងនេះក្ដីលោកមើលឃើញថា បច្ចុប្បន្ននេះការចូលរបស់ភ្ញៀវទេសចរស្ថិតក្នុងការរំពឹងទុកនៅឡើយ ដោយពុំទាន់ឃើញជាក់ស្ដែងនៃកំណើនភ្ញៀវទេសចរ ប្រទេសណាមួយចូលមកច្រើនជាងគេនោះទេ គឺចូលមកក្នុងស្ថានភាពបន្ដគ្នានៅឡើយ៕