(ភ្នំពេញ)៖ ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែធូរធាឡើងជាលំដាប់ពីមួយថ្ងៃទៅមួយ ធ្វើឲ្យតម្រូវការនៃការប្រើប្រាស់សម្ភារៈ ផលិតផល ម្ហូបអាហារ មានការផ្លាស់ប្តូរផងដែរលើបញ្ហាអានាម័យ គុណភាព សុខភាព។

ឆ្លើយតបនឹងតម្រូវការចាំបាច់នេះ ធ្វើឲ្យចំនួនផ្សារទំនើប ឬ Super Market ទាំងប្រេនក្នុងស្រុក និងប្រេនបរទេស កំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីចាប់យកកាលានុវត្តភាពនេះ។

ជុំវិញអនាគតនៃវិស័យផ្សារទំនើបនេះ ត្រូវបានអ្នកជំនួញក្នុងស្រុកដ៏មានបទពិសោធន៍ម្នាក់ បានសម្លឹងឃើញថា ផ្សារម៉ាត ឬក៏ Super Market នៅក្នុងប្រទេសកម្ពុជា នឹងមានការរីកដុះដាលខ្លាំង នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ ដោយសារតែសេដ្ឋកិច្ចកម្ពុជា មានការបន្ដកើនឡើង និងជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានភាពធូរធា។

ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន ហ្វេនប៊ី (Fandbee) ដែលនាំចូលប្រេនម៉ាតមកពីម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការយល់ដឹងរបស់ខ្ញុំ អនាគតផ្សារម៉ាត ឬក៏ Super Market នៅក្នុងប្រទេសកម្ពុជា នឹងមានភាពភ្លឺស្វាង ហើយមានការរីកដុះដាលខ្លាំង នៅក្នុងរយៈពេល៣-៥ឆ្នាំខាងមុខនេះ»

ឧកញ៉ាបានអះអាងថា ការកើនឡើងនេះ ដោយសារតែទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺជាទីផ្សារកំពុងអភិវឌ្ឍន៍ដោយសេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមបើកឡើងវិញ និងប្រជាពលរដ្ឋមានការដើរហើរច្រើន ហើយនៅពេលដែលមានជីវភាពធូរធារ ការចំណាយមុនដំបូងគេ គឺជាចំណីអាហារ។

លោកថា អតិថិជននៅសម័យនេះ មានការទាមទារឲ្យមានភាពងាយស្រួល ដែលសំដៅលើការទិញម្ហូបឲ្យនៅជិតពួកគាត់ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន ក្នុងការទៅទិញនៅកន្លែងឆ្ងាយ ជាពិសេសគឺជាជម្រើសដ៏សំបូរបែប។

ឧកញ៉ា ច័ន្ទ តារា បានបញ្ជាក់ឲ្យដឹងថា បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង ផ្សារម៉ាតក្នុងប្រទេសកម្ពុជា គឺមានចំនួនតិចនៅឡើយទេ នាពេលបច្ចុប្បន្ន។ ដូច្នេះផ្សារទំនើបដែលមានទំហំតូចល្មម ឬហៅថាម៉ាត (Mart) នឹងរីកដុះដាលកាន់ខ្លាំងនៅកម្ពុជា ដើម្បីបំពេញតម្រូវ និងបង្កភាពងាយស្រួលដល់អតិថិជន ខណៈដែលផ្សារប្រភេទនេះ កំពុងពង្រីកខ្លួនកាន់តែច្រើន នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗមួយចំនួន។

វត្តមានផ្សារទំនើបលក់រាយខ្នាតតូច មិនត្រឹមតែផ្តល់ចំណូលដល់សេដ្ឋកិច្ច តាមរយៈការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែរាល់ទំនិញដែលបានដាក់លក់សុទ្ធមានស្តង់ដារ គុណភាព ទទួលស្គាល់ពីក្រសួងជំនាញ ជាពិសេសម្ហូបអាហារ ដើម្បីធានាថា អ្នកប្រើប្រាស់នឹងមិនប៉ះពាល់សុខភាព។

កត្តាទាំងនេះ បានកែប្រែទម្លាប់ប្រជាជនកម្ពុជាមួយចំនួន ប្តូរពីការទិញទំនិញនៅតាមផ្សារបែបប្រពៃណី មកទិញទំនិញនៅតាមផ្សារទំនើបតូចៗ ឬ ម៉ាតបែបនេះវិញ ព្រោះផ្ដល់ភាពងាយស្រួលច្រើន ក្នុងការដើរទិញទំនិញ និងចំណេញពេលវេលា។ ហេតុដូច្នេះ ការវិនិយោគទៅលើផ្សារទំនើបទំហំល្មមប្រភេទនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទាំងក្នុង និងប្រទេសស្រុក។

បន្ថែមពីនោះទៀត ឧកញ៉ា ច័ន្ទ តារា បានលើកឡើងថា ការពង្រីកខ្លួនរបស់ផ្សារទំនើប លក់រាយខ្នាតតូចប្រភេទនេះ ជាបន្តបន្ទាប់កាន់តែច្រើននោះ នឹងកាន់តែផ្តល់ចំណេញសម្រាប់អ្នកប្រើប្រាស់ តាមរយៈការប្រកួតប្រជែងគ្នា នឹងធ្វើឲ្យទំនិញកាន់តែមានតម្លៃទាប ដែលជួយកាត់បន្ថយការចំណាយបានកាន់តែច្រើន៕