(ហាណូយ)៖ ប្រទេសចិនកំពុងដាក់បម្រាមហាមឃាត់ការនាំចូលលើទំនិញរបស់ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាម បន្ទាប់ពីរកឃើញមានផ្ទុកមេរោគកូរ៉ូណា ដែលបណ្តាលឱ្យក្រុមហ៊ុនជួបការលំបាក និងខាតបង់ដែលអាចកើតមាន។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមហ៊ុននាំចេញមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណថា ថ្មីៗនេះទំនិញរបស់ក្រុមហ៊ុនត្រូវបានហាមឃាត់រយៈពេលបីសប្តាហ៍ បន្ទាប់ពីកុងតឺន័រចំនួន៣ ត្រូវបានរកឃើញថាមានផ្ទុកមេរោគ។

ក្នុងខែនេះ ទំនិញរបស់ក្រុមហ៊ុននាំចេញត្រី និងបង្គាជាច្រើនទៀតត្រូវបានហាមឃាត់ ដោយទំនិញរបស់ក្រុមហ៊ុនខ្លះត្រូវបានហាមឃាត់រយៈពេលពីមួយទៅបីខែដោយសារទំនិញចំនួនធំរកឃើញមានឆ្លងមេរោគ។

កាសែត VN Express បានរាយការណ៍ទៀតថា កុងតឺន័រទំនិញរបស់ក្រុមហ៊ុននាំចេញផ្សេងទៀតត្រូវបានបដិសេធមិនឱ្យចូលព្រំដែនប្រទេសចិន ប្រសិនបើការទំនិញលើកមុនត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ។

ត្រីផេនហ្គាសធម្មតាទៅដល់ប្រទេសចិនមានតម្លៃ ១,២ប៊ីលានដុង (៥១ ៧២៤ដុល្លារ) ក្នុងមួយកុងតឺន័រ ហើយការហាមឃាត់បណ្តាលឱ្យមានការខាតបង់ ៥០ភាគរយ។ ក្រុមហ៊ុននាំចេញបាននិងកំពុងកាត់បន្ថយការនាំចេញទៅកាន់ប្រទេសចិនដើម្បីបញ្ចៀសការខាតបង់។

ប្រទេសចិនគឺជាប្រទេសនាំចូលធំបំផុតទីបីនូវផលិតផលជលផលរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន។

យោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ៩៤ភាគរយក្នុងរយៈពេល ៤ខែនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៥៧៨លានដុល្លារ ដោយការនាំចេញត្រីផេនហ្គាសមានច្រើនជាងពាក់កណ្តាល។ នេះបើយោងតាមកាសែត VN Express៕