(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរស្តីពីការលើកកម្ពស់លំហូរសហគ្រិនភាព និងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាលរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកាសែត Channel News Asia (CNA)។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងសមភាគីជប៉ុនលោក Kishida Fumio ក្នុងដំណើរបំពេញការងាររយៈពេលបួនថ្ងៃរបស់លោក Lee ទៅកាន់ទីក្រុងតូក្យូ។

កាសែត CNA បានរាយការណ៍ថា ក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរនេះ កិច្ចព្រមព្រៀងទីមួយគឺជាអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការជំរុញលំហូរសហគ្រិន និងសហគ្រាសរវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានកាន់តែច្រើននូវប្រព័ន្ធអេកូឡូស៊ីនៃក្រុមហ៊ុនបង្កើតថ្មី និងការច្នៃប្រឌិត។

សហគ្រាសសិង្ហបុរី (Enterprise Singapore) ដែលជាស្ថាប័នរបស់រដ្ឋាភិបាលសិង្ហបុរីនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) បានឱ្យដឹងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះដែលបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងពីមុនមួយដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៨ នឹងផ្តោតលើវិស័យដែលកំពុងរីកចម្រើននានាដូចជាការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងជាដើម។

ភាគីទាំងពីរនឹងរិះរកគំនិតផ្តួចផ្តើមនានា ដូចជាវគ្គផ្គូផ្គងអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនជប៉ុនឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្តល់ការណែនាំ ដៃគូអាជីវកម្ម និងវិនិយោគិន។

សហគ្រាសសិង្ហបុរីបានបន្ថែមថា៖ «នេះនឹងផ្តល់អំណាចដល់អាជីវកម្មក្នុងការកសាងចំណេះដឹងទីផ្សារ ទទួលបានឱកាសថ្មីៗ និងធ្វើឱ្យភាពជាដៃគូរបស់ពួកគេកាន់តែស៊ីជម្រៅជាមួយនឹងក្រុមហ៊ុនបង្កើតថ្មី និងបណ្តាញសមាជិកភាពសាជីវកម្ម»

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការមួយទៀតស្តីពីការផ្លាស់ប្តូររដ្ឋាភិបាលឌីជីថលត្រូវបានចុះហត្ថលេខាដោយលោក GovTech Janil Puthucheary ទេសរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងព័ត៌មានរបស់សិង្ហបុរី និងលោក Karen Makishima រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកឌីជីថល និងកំណែទម្រង់រដ្ឋបាល។

យោងតាមកាសែត CNA លោក GovTech បានថ្លែងថា កិច្ចព្រមព្រៀងនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរព័ត៌មានអំពីក្របខ័ណ្ឌរដ្ឋាភិបាលឌីជីថល និងការអនុវត្តល្អបំផុត ដែលគ្របដណ្តប់លើប្រធានបទនានាដូចជាអត្តសញ្ញាណឌីជីថល បញ្ញាសិប្បនិម្មិត (Al) និងសេវាកម្មខ្លោដ។

លោកមានប្រសាសន៍ថា៖ «ការដោះដូរនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការរចនា និងការអភិវឌ្ឍសេវាកម្មឌីជីថលសម្រាប់ប្រជាពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មរបស់យើង»៕