(ដាវ៉ូស)៖ អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃចន្ទថា ខណៈសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងវិបត្តិជាច្រើននោះ ការព្យាករពីកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្នផ្តល់ជូនជារបាំងការពារមួយទប់ទល់នឹងការដើរថយក្រោយនៃសេដ្ឋកិច្ចដែលអាចកើតមានឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Gita Gopinath អគ្គនាយករងទីមួយរបស់មូលនិធិ IMF បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្នុងចំណោមការគំរាមកំហែងធំៗដែលកើតមានចំពោះកំណើនសេដ្ឋកិច្ច ជម្លោះនៅប្រទេសអ៊ុយក្រែនអាចកើនឡើងខ្លាំង។ លោកស្រីបន្ថែមថា៖ «អ្នកអាចមានការដាក់ទណ្ឌកម្ម និងមានការដាក់ទណ្ឌកម្មតបតវិញ»

ក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ដែលជាទីក្រុងរមណីយដ្ឋានរបស់ប្រទេសស្វីស លោកស្រី Gopinath បាននិយាយថា បញ្ហាប្រឈមផ្សេងទៀតរួមមានអតិផរណា ការរឹតបន្តឹងអត្រាការប្រាក់ដោយធនាគារកណ្តាលនានា និងការធ្លាក់ចុះនៃកំណើនរបស់ចិន។

ដោយសំដៅដល់ការព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ របស់មូលនិធិ IMF ដែលបានចេញផ្សាយកាលពីខែមុនថានឹងមានអត្រា ៣,៦ភាគរយដែលត្រូវបានទម្លាក់ចុះពី ៤,៤ភាគរយនៅក្នុងខែមករា លោកស្រី Gopinath បានមានប្រសាសន៍ថា៖ «ដូច្នេះទាំងអស់នេះផ្តល់នូវហានិភ័យធ្លាក់ចុះដល់ការព្យាកររបស់យើង។ ខ្ញុំនិយាយថា នៅអត្រា ៣,៦ភាគរយ គឺជារបាំងការពារមួយ»

ទោះជាយ៉ាងណា លោកស្រីបានសារភាពថា ហានិភ័យមានមិនដូចគ្នាទេនៅជុំវិញពិភពលោក។ លោកស្រីថា៖ «មានប្រទេសខ្លះដែលកំពុងរងគ្រោះខ្លាំង... ប្រទេសក្នុងទ្វីបអឺរ៉ុប ដែលកំពុងរងគ្រោះខ្លាំងដោយសង្រ្គាម ជាទីដែលយើងអាចឃើញមានការដើរថយក្រោយនៃសេដ្ឋកិច្ច»

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អតិផរណានៅតែត្រូវបានលោកស្រី Gopinath មើលឃើញថា «នឹងនៅតែមានកម្រិតខ្ពស់ខ្លាំងលើសពីគោលដៅរបស់ធនាគារកណ្តាលមួយរយៈពេល ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធនាគារកណ្តាលនៅជុំវិញពិភពលោកក្នុងការដោះស្រាយបញ្ហាអតិផរណាដែលបង្ហាញឱ្យឃើញថាជាបញ្ហាគ្រោះថ្នាក់ច្បាស់លាស់និងនិងជាបញ្ហាបច្ចុប្បន្ន ពោលគឺជាអ្វីមួយដែលពួកគេត្រូវដោះស្រាយឱ្យបានខ្លាំងក្លា»

លោកស្រីបានបន្តថា៖ «លក្ខខណ្ឌហិរញ្ញវត្ថុអាចរឹតបន្តឹងបានលឿនជាងអ្វីដែលយើងបានឃើញរួចមកហើយ។ ហើយកំណើននៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះ»

ធនាគារកណ្តាលអាមេរិកកំពុងនាំមុខគេក្នុងការចំណោមធនាគារកណ្តាលដ៏ធំៗជាមួយនឹងការដំឡើងអត្រាការប្រាក់ពីរលើករហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

ការដំឡើងអត្រាការប្រាក់លើកទីពីររបស់ធនាគារកណ្តាលអាមេរិកដែលមានអត្រា ០,៥ភាគរយគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ យ៉ាងហោចណាស់ការដំឡើងអត្រាការប្រាក់ ២ដងទៀង ត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំខាងមុខ។

លោកស្រី Gopinath បាននិយាយថា៖ «អ្វីដែលសំខាន់គឺថា ធនាគារកណ្តាលអាមេរិកមើលទិន្នន័យដោយប្រុងប្រយ័ត្ន និងឆ្លើយតបតាមមាត្រដ្ឋានដែលត្រូវការដើម្បីដោះស្រាយជាមួយនឹងទិន្នន័យនាពេលខាងមុខ។ ដូច្នេះប្រសិនបើអតិផរណាប្រែក្លាយទៅជាមានទំហំធំធេង កើនឡើងកាន់តែខ្លាំង ពួកគេចាំបាច់ត្រូវចាត់វិធានការឱ្យបានកាន់តែខ្លាំង»