(ហាណូយ)៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតដល់៣០ ៦៥០ដុង (១,៣២ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទី៥ ជាប់គ្នា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

តម្លៃប្រេងសាំងដ៏ពេញនិយមប្រភេទ RON 95 និងជីវឥន្ធនៈ E5 RON 92 បានកើនឡើង ២,៣ភាគរយដូចគ្នាដល់ ៣០ ៦៥០ដុង (១,៣២ដុល្លារ) សម្រាប់ប្រេងសាំង RON 95 និង ២៩ ៦៣០ដុង (១,២៧ដុល្លារ) សម្រាប់ជីវឥន្ធនៈ E5 RON 92 ក្នុងមួយលីត្រ។

ប៉ុន្តែប្រេងម៉ាស៊ូត ប្រេងកាត និងប្រេង mazut មានតម្លៃថោកជាពី ៣,១-៤,៧ភាគរយ។

កាសែត VN Express បានរាយការណ៍ថា នេះជាលើកទីមួយហើយ ដែលតម្លៃប្រេងសាំងនៅប្រទេសវៀតណាមកើនឡើងខ្ពស់ជាង ៣០ ០០០ ដុងក្នុងមួយលីត្រ។ ការកែសម្រួលតម្លៃនៅថ្ងៃចន្ទគឺជាការកែសម្រួលដំឡើងលើកទី៥ គិតចាប់តាំងពីថ្ងៃទី១២ ខែមេសា ដោយគ្មានឃើញសញ្ញានៃការធ្លាក់ចុះវិញឡើយ។

បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០២២ ប្រេងសាំងមួយលីត្រឥឡូវនេះមានតម្លៃខ្ពស់ជាង ២៨ ភាគរយ បើទោះបីជារដ្ឋាភិបាលវៀតណាមបានកាត់បន្ថយពន្ធលើបរិស្ថានក៏ដោយ។ ពន្ធនេះដែលមានអត្រា ៤ ០០០ដុងក្នុងមួយលីត្រ ត្រូវបានកាត់បន្ថយពាក់កណ្តាលចាប់តាំងពីថ្ងៃទី១ ខែមេសាមក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុរបស់វៀតណាមដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃថាមពលបានសន្មតថា ការកើនឡើងតម្លៃថាមពលក្នុងស្រុកគឺកើតឡើងដោយសារការផ្គត់ផ្គង់មានកម្រិតនៅក្នុងទីផ្សារពិភពលោកបន្ទាប់ពីប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី និងក្រោយការធ្លាក់ចុះប្រេងបម្រុងរបស់សហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទប្រេងឆៅប្រភេទ Brent សម្រាប់ការជួញដូរក្នុងកិច្ចសន្យាជួញដូរអនាគតបានឡើងថ្លៃ ៩៧សេនដល់ ១១៣,៥២ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកសម្រាប់ការជួញដូរក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៨០សេន ឬ ០,៧៣ ភាគរយដល់ ១១១,០៨ដុល្លារក្នុងមួយបារ៉ែល។

អាជ្ញាធរវៀតណាមធ្វើការកែសម្រួលតម្លៃសាំងនៅថ្ងៃទី១ ទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ។ ដូច្នេះ ការផ្លាស់ប្តូរតម្លៃនេះ ដើរតាមការប្រែប្រួលតម្លៃក្នុងទីផ្សារពិភពលោក បន្ទាប់ពីអជ្ញាធរបានពន្យារការកែសម្រួលតម្លៃនេះមួយរយៈ។ នេះបើយោងតាមកាសែត VN Express៕