(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានជួបជាមួយក្រុមហ៊ុនផលិតសាច់មាន់ធំៗនៅក្នុងប្រទេស ដើម្បីពិភាក្សាអំពីការឧបត្ថម្ភធន និងធានាបាននូវការបន្តផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រទេសនេះបានងាកមកចាត់វិធានការហាមឃាត់ការនាំចេញសាច់មាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មចំណីអាហាររបស់ម៉ាឡេស៊ី បានជួបប្រជុំជាមួយក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនចិញ្ចឹមសត្វចំនួន១២ រួមមានទាំងក្រុមហ៊ុន Leong Hup Poultry Farm Sdn, ក្រុមហ៊ុន HLRB Broiler Farm Sdn ក្រុមហ៊ុន PWF Corporation Bhd និងសហព័ន្ធសមាគមកសិករចិញ្ចឹមសត្វម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានពិភាក្សាអំពីការហាមឃាត់ការនាំចេញសាច់មាន់នេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob កាលពីថ្ងៃចន្ទបានបញ្ជាឱ្យប្រទេសម៉ាឡេស៊ីបញ្ឈប់ការនាំចេញសាច់មាន់ដែលមានចំនួន ៣,៦លានក្បាលក្នុងមួយខែចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ និងបញ្ជាឱ្យមានការបើកការស៊ើបអង្កេតលើការចោទប្រកាន់លើការកំណត់តម្លៃលក់ដោយក្រុមពួកឈ្មួញ។

ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ថា មានការខ្វះខាតសាច់បក្សីក្នុងស្រុក ដោយសារក្រុមឈ្មួញបានរៀបចំផែនការបញ្ឈប់ប្រតិបត្តិការកសិដ្ឋាននៅចុងសប្តាហ៍។

ការហាមឃាត់នេះទំនងជានឹងប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសសិង្ហបុរី ដែលប្រភពមួយភាគបីនៃការផ្គត់ផ្គង់របស់ប្រទេសនេះគឺនាំចូលពីម៉ាឡេស៊ី ហើយក៏ប៉ះពាល់ដល់ប្រទេសថៃ ប្រ៊ុយណេ ជប៉ុន និងទីក្រុងហុងកុងផងដែរ។

ការហាមប្រាមនេះគឺជាវិធានការចុងក្រោយបង្អស់នៃចលនាគាំពារនិយម ខណៈដែលប្រទេសនានាជុំវិញពិភពលោកប្រយុទ្ធនឹងការកើនឡើងតម្លៃស្បៀងអាហារដែលមួយផ្នែកត្រូវបានជំរុញដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យការផ្គត់ផ្គង់ស្បៀងធ្លាក់ចុះ។ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញប្រេងដូងជាបណ្តោះអាសន្ន ឥណ្ឌាបានរឹតបន្តឹងការនាំចេញស្រូវសាលី ហើយប្រទេសស៊ែប៊ និងកាហ្សាក់ស្ថានបានដាក់កូតាលើការនាំចេញគ្រាប់ធញ្ញជាតិ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា គណៈកម្មការប្រកួតប្រជែងម៉ាឡេស៊ីកំពុងស៊ើបអង្កេតទៅលើសេចក្តីរាយការណ៍ដែលថាមានក្រុមឈ្មួញគ្រប់គ្រងតម្លៃ និងទិន្នផលសាច់មាន់ក្នុងចំណោមក្រុមហ៊ុនធំៗ ដោយសន្យាថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុនណាមួយដែលបានរកឃើញថាបានបង្ករវិទ្ធង្សនាការផ្គត់ផ្គង់។

លោកនាយករដ្ឋមន្ត្រី Ismail បានមានប្រសាសន៍ថា៖ «ប្រសិនបើវាជាការពិតថាមានក្រុមឈ្មួញទាំងនេះមែន យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងពួកគេ»

ក្នុងឆ្នាំ២០២០ ម៉ាឡេស៊ីបាននាំចេញសាច់បក្សីក្នុងតម្លៃ ១៨,៩ លានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញសាច់មាន់ធំទី៤៩ ក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕