(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញស្ដីពី «ដំណើរការនៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព និងកាលានុវត្តភាពសម្រាប់កម្ពុជា»

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា លោក Satoru Yamadera អ្នកប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Kosintr Puongsophol អ្នកជំនាញការវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ការយល់ដឹងពីហិរញ្ញវត្ថុនិរន្តរភាព ដល់ក្រុមហ៊ុនសក្តានុពលបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ២. បង្កើនការយល់ដឹងពីសញ្ញាបណ្ណនិរន្តរភាព និងរបៀបដែលសញ្ញាបណ្ណទាំងនេះ អាចត្រូវបានរួមបញ្ចូលជាផ្នែកនៃយុទ្ធសាស្ត្រហិរញ្ញប្បទាន និង៣. ពិភាក្សាអំពីវិធីសាស្រ្ត ដែលដៃគូអភិវឌ្ឍន៍ដូចជា ADB និងមូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) អាចជួយដល់ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ដោយផ្តោតសំខាន់លើ៖ ទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុនិរន្តរភាព ក្នុងតំបន់អាស៊ាន ដំណើរការសម្រាប់ការបោះផ្សាយ លទ្ធផលនៃការស្ទង់មតិទីផ្សារសញ្ញាបណ្ណបៃតង ក្នុងប្រទេសកម្ពុជា និងធនធានសម្រាប់ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនធានាទិញមូលបត្រ សម្រាប់ការបោះផ្សាយមូលបត្របំណុល Thematic នៅកម្ពុជា។

លោក ស៊ូ សុជាតិ បានអំពាវនាវឱ្យ ក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុធ្វើការយ៉ាងជិតស្និទ្ធជាមួយ និយ័តករមូលបត្រកម្ពុជា ក៏ដូចជា ADB ខណៈដែលក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតង នឹងទទួលបាននូវការគាំទ្រពី ADB ទាំងផ្នែកបច្ចេកទេស និងឱកាសវិនិយោគ។

កិច្ចប្រជុំខាងលើ មានអ្នកចូលរួមសរុបចំនួន ១៤៣ រូប ដែលក្នុងនោះមានសមាសភាពចូលរួមមកពី និយ័តករមូលបត្រកម្ពុជា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រុមហ៊ុនបោះផ្សាយសក្តានុពល ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជា ព្រមទាំងមានការចូលរួមពីវាគ្មិនជាមន្ត្រីជាន់ខ្ពស់ មកពីធនាគារអភិវឌ្ឍន៍អាស៊ី និងគំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ ដែលមានបទពិសោធន៍យូរឆ្នាំពាក់ព័ន្ធនឹងវិស័យនេះ៕