(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា រដូវប្រមូលផលស្រូវប្រាំងក្នុងកំឡុងពេលខែកក្កដា-សីហាខាងមុខនេះ តម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃយ៉ាងហោចណាស់ពី១០% ទៅ១៥% ដោយសារបច្ចុប្បន្ននេះ តម្លៃអង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃប្រមាណ១០%។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភានេះ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ ព្រោះប្រទេសទាំង២នេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំងរហូតដល់៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់អង្ករកម្ពុជាផងដែរ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ចំពោះអង្ករយើងបានជាប្រយោលដែរ យើងឃើញថាតម្លៃអង្ករ ក្នុងរយៈពេល៣ ទៅ៤អាទិត្យនេះ កើនឡើងពី១០ ទៅ១៥%។ ដូច្នេះហើយបានជាយើងមានសុទិដ្ឋិនិយមថា តម្លៃស្រូវយើងក្នុងរដូវកាលច្រូតកាត់ខាងមុខនេះ នឹងកើនឡើងតម្លៃខ្លាំង។ នៅខែ កក្កដា-សីហាខាងមុខនេះ ស្រូវប្រាំងយើងចាប់ផ្តើមច្រូតហើយ យើងរំពឹងថានឹងមានតម្លៃកើនប្រហាក់ប្រហែលពី១០ ទៅ១៥% បើយើងមើលទៅលើតម្លៃអង្ករដែលកំពុងឡើង។ តែបើយើងប្រៀបធៀបនឹងស្រូវសាលីឡើងជាងនេះ ១តោនឡើងពី២០ទៅ៣០%ហើយ»

កាលពីពេលថ្មីៗ មន្រ្តីអង្គការសហប្រជាជាតិបានព្រមានថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោក ជួបវិបត្តិកង្វះស្បៀងអាហារកាន់តែអាក្រក់។ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ លោក David Beasley បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា បច្ចុប្បន្ននេះតម្លៃអាហារបានកើនឡើងថ្លៃយ៉ាងគំហុក ហើយប្រសិនបើកំពង់ផែ Odesa របស់អ៊ុយក្រែន មិនត្រូវបានបើកនោះទេនឹងធ្វើឱ្យមានបញ្ហាកាន់តែខ្លាំង។ មានមនុស្សប្រមាណ៤៩លាននាក់ នៅក្នុងប្រទេសចំនួន ៤៣ ដែលកំពុងជួបគ្រោះទុរភិក្ស ហើយពិភពលោកនឹងប្រឈមមុខ អស្ថិរភាព និងការធ្វើចំណាកស្រុកដ៏ធំប្រសិនបើមិនដោះស្រាយ។

ជុំវិញបញ្ហាកង្វះស្បៀងអាហារលើពិភពលោកនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសផលិតអង្ករសម្រាប់នាំចេញ កម្ពុជាកំពុង សម្រុកនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប បើទោះជាតម្លៃដឹកជញ្ជូនកើនឡើងក៏ដោយ។

យ៉ាងណាមិញ លោកបារម្ភថា ការឡើងថ្លៃជី នឹងធ្វើឱ្យកសិករមួយចំនួនកាត់បន្ថយការដាំស្រូវវិញ ។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួនជាង២២ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង១៣៩លានដុល្លារអាមេរិក ក្នុងនោះនាំចេញទៅតំបន់អឺរ៉ុបមានបរិមាណ ចំនួន ៦៨ ៥៥៥ តោនស្មើនឹង ៣១% ដោយទទួលបានទឹកប្រាក់ចំនួនជាង៥១ លានដុល្លារ ។

ចំណែកការនាំចេញស្រូវក្នុងរយៈពេល៤ខែនេះ តាមរយៈការឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម មានចំនួន១.៦លានតោន ទទួលបានទឹកប្រាក់ប្រមាណ ៣៧៦.៦៤ លានដុល្លារ។ របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងដែរថា គិតត្រឹមខែមេសា ការប្រមូលផលស្រូវប្រាំងសម្រេចបានចំនួនជាង៦៣ម៉ឺនហិកតា ដោយទទួលបានផលសរុបចំនួន ជាង២.៩លានតោន៕