(ហូជីមិញ)៖ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាមចំនួន ៧នាក់បានធ្លាក់ចុះ ១០ ភាគរយចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ទស្សនាវដ្តី Forbes ក្នុងខែមីនា មកនៅត្រឹម ១៩,៣ប៊ីលានដុល្លារដោយសារទីផ្សារភាគហ៊ុនធ្លាក់ចុះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា សន្ទស្សន៍ផ្សារហ៊ុនវៀតណាម VN-Index បានធ្លាក់ចុះ ១៧,៥ភាគរយចាប់តាំងពីដំណាក់ខែមីនាមក ដោយភាគហ៊ុនរបស់ក្រុមហ៊ុនធំៗធ្លាក់ថ្លៃខ្លាំង។

លោក Tran Dinh Long ប្រធានក្រុមហ៊ុនដែក Hoa Phat បានមើលឃើញទ្រព្យសម្បត្តិសុទ្ធរបស់គាត់ធ្លាក់ចុះ ២២ភាគរយមកត្រឹម ២,៥ប៊ីលានដុល្លារ ដែលឆ្លុះបញ្ចាំងពីភាពច្របូកច្របល់នៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់គាត់។

ក្នុងខែមីនា ភាគហ៊ុនរបស់ក្រុមហ៊ុន Hoa Phat ឡើងថ្លៃដល់ ៥១ ០០០ដុងក្នុងមួយហ៊ុន ប៉ុន្តែបន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះ។ នៅពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ភាគហ៊ុននេះត្រូវបានជួញដូរនៅតម្លៃ ៣៧ ៩០០ដុងក្នុងមួយហ៊ុន ធ្លាក់ចុះ ២៦ភាគរយ។

កាសែត VN Express បានរាយការណ៍បន្តថា ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីបីនាក់ផ្សេងទៀតគឺនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao, លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank និងប្រធានក្រុមហ៊ុន Masan Group លោក Nguyen Dang Quang បានធ្លាក់ចុះជាង ១០ភាគរយ ឬពី ២០០ ទៅ ៤០០លានដុល្លារ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់ពួកគេគឺក្រុមហ៊ុន Vietjet ក្រុមហ៊ុន Techcombank និងក្រុមហ៊ុន Masan បានធ្លាក់ចុះពី ១០ ទៅ ២៥ភាគរយចាប់តាំងពីចុងខែមីនាមក។

មហាសេដ្ឋីធំជាងគេរបស់វៀតណាមគឺលោក Pham Nhat Vuong ប្រធានក្រុមហ៊ុនពហុផលិតផលធំបំផុតនៅវៀតណាម គឺ Vingroup បានមើលឃើញទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ២០០លាន ឬ ៣ភាគរយ។ លោក Tran Ba Duong ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco បានធ្លាក់ចុះ ១០០លានដុល្លា។

ប្រធានក្រុមហ៊ុន Nova Group លោក Bui Thanh Nhon ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីមហាសេដ្ឋនៅឆ្នាំនេះ មិនរងគ្រោះខ្លាំងលើយ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់គាត់បានធ្លាក់ចុះតិចតួច។ នេះបើយោងតាមកាសែត VN Express៕