(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា ការហាមឃាត់ការនាំចេញប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវដកចេញនៅថ្ងៃទី២៣ ខែឧសភា ដោយសារតម្លៃជាមធ្យមរបស់ប្រេងឆាក្នុងស្រុកបានចាប់ផ្តើមធ្លាក់ចុះវិញហើយ។ នេះបើយោងតាមកាសែត Channel News Asia (CNA)។

កាសែត CNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដែលធ្វើឡើងដោយលោក វីដូដូ ថា ប្រទេសឥណ្ឌូនេស៊ីត្រូវការប្រេងឆាប្រហែល ១៩៤ ០០០តោនក្នុងមួយខែ ហើយក្នុងខែមីនាមុននឹងមានការហាមឃាត់ការនាំចេញ ការផ្គត់ផ្គង់ក្នុងប្រទេសមានត្រឹមតែ ៦៤ ៥០០តោនប៉ុណ្ណោះ តែបន្ទាប់ពីការហាមឃាត់ការនាំចេញត្រូវបានដាក់ក្នុងខែមេសា ការផ្គត់ផ្គង់បានកើនឡើងដល់ ២១១ ០០០តោន។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា តម្លៃប្រេងឆាមានតម្លៃប្រហែល ១៩ ៨០០រូពៀ (១,៣៥ ដុល្លារអាមេរិក) ក្នុងមួយលីត្រមុនហាមឃាត់ការនាំចេញ តែបច្ចុប្បន្នតម្លៃធ្លាក់ចុះមកនៅចន្លោះពី ១៧ ២០០រូពៀទៅ ១៧ ៦០០ រូពៀ ក្នុងមួយលីត្រ។

លោកបានបន្ថែមថា៖ «ដូច្នេះដោយផ្អែកលើការផ្គត់ផ្គង់ និងតម្លៃប្រេងឆាបច្ចុប្បន្ន និងដោយសារមានកម្មករ ១៧លាននាក់នៅក្នុងឧស្សាហកម្មប្រេងដូង... ខ្ញុំបានសម្រេចចិត្តថា ការនាំចេញប្រេងឆានឹងត្រូវបានអនុញ្ញាតម្តងទៀតនៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២»

លោកបានបន្តថា ទោះបីជាមានការដកបម្រាមនេះក៏ដោយ ក៏រដ្ឋាភិបាលនឹងបន្តតាមដានស្ថានការណ៍នេះ ដើម្បីធានាថា តម្លៃប្រេឆាមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។ នេះបើយោងតាមកាសែត CNA៕