(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា ស្នើសុំរដ្ឋក្នុងបន្តការអនុគ្រោះសារពើពន្ធដូចជា ការលើកលែងពន្ធអប្បបរមា ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូល ដែលត្រូវផុតកំណត់ត្រឹមដំណាច់ឆ្នាំ២០២៣ និងស្នើបន្តសុំការពន្យារពេល ការផ្តល់របាយការណ៍សវនកម្មពីស្នងការគណនេយ្យឯករាជ្យជូនរដ្ឋបាលសារពើពន្ធ ២ឆ្នាំទៅ ៣ឆ្នាំថែមទៀតបន្ទាប់ពីឆ្នាំ២០២៣។

សំណើរនេះត្រូវបានលើកឡើងក្នុង កិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហព័ន្ធសេវាអប់រំនៅកម្ពុជា កាល ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមសហអធិបតីភាព លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកឧកញ៉ា ប៉ិចបូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងតំណាងពីសហព័ន្ធសេវាអប់រំនៅកម្ពុជា។

ឆ្លើយតបនឹងសំណើរនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាអគ្គនាយកដ្ឋានពន្ធដារ គឺជាស្ថាប័នអនុវត្តច្បាប់មិនមានសិទ្ធិលើកលែងពន្ធនោះទេ ប៉ុន្តែជាតួអង្គសំខាន់មួយក្នុងការផ្តល់ធាតុចូលសម្រាប់រៀបចំគោលនយោបាយទាក់ទិននឹងការលើកទឹកចិត្តសារពើពន្ធនេះ។

អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា ក្នុងរយៈពេលដែលគ្រឹះស្ថានសិក្សា ទទួលបានការលើកទឹកចិត្តសារពើពន្ធតាម រយៈការលើកលែងពន្ធ ប៉ុន្តែគ្រឹះស្ថានអប់រំ ហាក់ដូចមិនបានជួយបន្ថយថ្លៃសិក្សារបស់សិស្សានុសិស្សនោះទេ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីសំណើសុំលើកលែងពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារយល់ឃើញថា ដើម្បីអាចទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលបន្តទៀតបាន គ្រឹះស្ថានសិក្សាត្រូវប្រើប្រាក់ចំណេញរក្សាទុក (Retained Earning)ពីអាជីវកម្មក្នុងវិស័យអប់រំនេះ ទៅវិនិយោគបន្ថែមទៀតក្នុងវិស័យអប់រំនេះដូចជាការសាងសង់អគារសាលាបន្ថែមជាដើម»

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងផងដែរថា ពេលផុតឆ្នាំ២០២៣ សហគ្រាសនឹងត្រូវបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអត្រា ២០% ករណីសហគ្រាសមានប្រាក់ចំណេញ ក្រោយធ្វើនិយ័តកម្មសារពើពន្ធមានចំនួនធំ ជាងពន្ធអប្បបរមា ១%លើផលរបរប្រចាំឆ្នាំ។

ក្រៅពីសំណើរសុំអនុគ្រោះលើកលែងពន្ធនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានស្នើសុំពន្យារពេលការផ្តល់របាយការណ៍សវនកម្មពីស្នងការគណនេយ្យឯករាជ្យជូនរដ្ឋបាលសារពើពន្ធ ២ឆ្នាំទៅ ៣ឆ្នាំថែមទៀតបន្ទាប់ពីឆ្នាំ២០២៣ ដោយបានលើកឡើងថាមិនទាន់ត្រៀមខ្លួនរួចរាល់ ហើយគ្រឹះស្ថានសិក្សាមួយចំនួន មានអាជីវកម្មនៅតាមបណ្តាខេត្ត និងមានទ្រង់ទ្រាយតូច។

ក្នុងករណីនេះ អគ្គនាយកដ្ឋានពន្ធដារបានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវពង្រឹងអភិបាលកិច្ចល្អ ជាពិសេសគ្រឹះសា្ថនឧត្តមសិក្សាដែលជាអ្នកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូចជា ជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬសវនកម្មមិនគួរលើកឡើងថាមិនមានរបាយការណ៍សវនកម្មនោះទេ។

អគ្គនាយកដ្ឋានពន្ធដារបានពន្យល់បន្តថា ប្រសិនបើអ្នកគ្រប់គ្រងរបស់គ្រឹះស្ថានសិក្សាមិនមានរៀបចំរបាយការណ៍ហិរញ្ញវត្ថុជូនម្ចាស់ភាគហ៊ុន នោះមា្ចស់ភាគហ៊ុននឹងមិនអាចតាមដានពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានសិក្សានោះ គ្រឹះស្ថានសិក្សានឹងមិនអាចដំណើរការបានល្អនោះទេ។ ម្យ៉ាងវិញទៀត ការតម្រូវនេះគឺសម្រាប់តែគ្រឹះស្ថានសិក្សាណាដែលមានផលរបរប្រចាំឆ្នាំលើសពី ៤០០០លានរៀលប៉ុណ្ណោះ ដូច្នេះការតម្រូវនេះមិនគួរប៉ះពាល់ដល់គ្រឹះស្ថានសិក្សាតូចៗនោះទេ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់ចាប់ផ្តើមអនុវត្តការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចាប់ពីពេលនេះតទៅ និងបានសន្យាបញ្ជូនមន្រ្តីជំនាញចុះពន្យល់ណែនាំដល់គ្រឹះស្ថានសិក្សា ដែលពិតជាមានឆន្ទៈរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានរបាយការណ៍សវនកម្មពីស្នងការគណនេយ្យឯករាជ្យដាក់ជូនអគ្គនាយកដ្ឋានពន្ធដារបន្ទាប់ពីដំណាច់ឆ្នាំ២០២៣។

ជាការឆ្លើយតប សហព័ន្ធសេវាអប់រំនៅកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងអភិបាលកិច្ច ដោយសារកន្លងមកគ្រឹះស្ថានសិក្សាមួយចំនួនបានប្រើប្រាស់របាយការណ៍សវនកម្ម ដើម្បីទាក់ទាញវិនិយោគិននៅក្រៅប្រទេស និងដើម្បីទទួលកម្ចីពីធនាគារដើម្បីពង្រីកអាជីវកម្មផងដែរ។

ក្នុងឱកាសនោះដែរ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងអំពីគម្រោងគាំទ្រដល់ការអប់រំ ដែលទទួលហិរញ្ញប្បទានពីស្ថាប័នរដ្ឋាភិបាល និងអនុវត្ត ដោយគ្រឹះស្ថានសិក្សាឯកជន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែដោយសារមិនបានចុះបញ្ជីនៅក្រសួងអប់រំយុវជននិងកីឡា និងក្រសួងបណ្តុះបណ្តាលវិជា្ជជីវៈ គ្រឹះស្ថានសិក្សាឯកជន មិនបានទទួលការលើកទឹកចិត្តសារពើពន្ធ ដោយត្រូវបានកាត់ទុកអាករលើតម្លៃបន្ថែមចំនួន ១០%ពេលបើកប្រាក់ ហើយត្រូវកាត់ពន្ធកាត់ទុក១៥%ទៀត ពេលបើកប្រាក់ ទៅឱ្យគ្រូបណ្តុះបណ្តាលនិងជំនួយការ ដែលការកាត់ពន្ធនេះធ្វើឱ្យមូលនិធិ ដែលប្រើសម្រាប់បុព្វហេតុការអប់រំកាន់តែរួមតូច ដូច្នេះ សហព័ន្ធសេវាអប់រំនៅកម្ពុជាស្នើសុំអគ្គនាយកដ្ឋានពន្ធដារបន្ធូរបន្ថយពន្ធនេះ ដើម្បីសម្រួលដល់ការងារអប់រំ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា តាមច្បាប់សហគ្រាសត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងត្រូវចុះបញ្ជីពន្ធដារពេលមានសកម្មភាពសេដ្ឋកិច្ចចាប់ពីរយៈពេល ១៥ថ្ងៃនិងមានកាតព្វកិច្ចប្រកាសពន្ធជារៀងរាល់ខែ ហើយប្រសិនបើសហគ្រាសនោះបំពេញសេវាអប់រំត្រូវទៅសុំការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា ឬស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុក។

ក្នុងករណីស្ថាប័នរដ្ឋាភិបាល យល់ឃើញថាគម្រោងណាមួយគួរលើកលែងពន្ធ ស្ថាប័ននោះនឹងធ្វើការទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសម្រេចពីការលើកលែងពន្ធ ដូច្នេះសហគ្រាសត្រូវធ្វើការសុំអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នទទួលបន្ទុកដើម្បីអាចស្នើសុំការលើកលែងពន្ធ។

ប្រសិនបើជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថានប័នទទួលបន្ទុក សម្រេចឱ្យលើកលែងពន្ធអគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តតាមការសម្រេចអនុញ្ញាតនោះ៕