(ភ្នំពេញ)៖ សហគ្រិនក្នុងវិស័យទេសចរណ៍ បានសម្តែងការសាទរចំពោះការប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីផ្តល់លទ្ធភាព ដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលមានបញ្ហាហិរញ្ញវត្ថុ អាចទទួលបានកម្ចី សម្រាប់យកទៅ កែលម្អ និងស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ រង់ចាំទទួលភ្ញៀវទេសចរ បន្ទាប់ពីម្ចាស់អាជីវកម្មជាច្រើនបានផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនរយៈពេល២ឆ្នាំកន្លងមក ដោយការរាតត្បាតជំងឺកូវីដ១៩។

តែយ៉ាងនេះក្តី ពួកគេ បានស្នើឱ្យបន្ធូបន្ថយអត្រាការប្រាក់ឱ្យទាបជាង៦.៥ភាគរយ និងលក្ខខណ្ឌកម្ចី ដើម្បីឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ទទួលបាន ឥណទាន និងផលប្រយោជន៍ពីគម្រោងនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ បានរៀបចំកម្មវិធីផ្សព្វផ្សាយ «ការដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ » ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល ។ ។

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា គម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។

លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែឧសភានេះថា ការផ្ដល់អត្រាការប្រាក់ ៦.៥ភាគរយ ក្នុងមួយឆ្នាំ និងទំហំកម្ចីខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារអាម៉េរិក គឺ ជាការប្រាក់ ទាប និងពិសេសបំផុតសម្រាប់កាលៈទេសៈដ៏លំបាកនេះ ដែល ទំហំថវិកានេះ អាចជួយដល់ម្ចាស់អាជីវកម្មចំនួនច្រើនមានលទ្ធភាពស្ដារ រៀបចំកែលំអអាជីវកម្មបានមួយកម្រិត ដើម្បីរង់ចាំភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាជាបណ្ដើរៗ។ ហើយករណីពិសេសនេះជួយឱ្យអ្នកកម្ចីមានឱកាសរកស៊ីបាន និងមានលទ្ធភាពសងទាំងការ ទាំងដើមដោយស្រួល។

ម្ចាស់សណ្ឋាគារ ទែរូ នៅខេត្តរតនគិរី និងសណ្ឋាគារសូរិយាបូរី នៅកោះទ្រង់ ខេត្តក្រចេះ រូបនេះ បាន ឱ្យដឹងថា «ក្នុងនាមនាងខ្ញុំជាម្ចាស់សណ្ឋាគារមួយរូប ដែលរងផលប៉ះពាល់ កូវីដ ១៩ នេះនាងខ្ញុំមានគម្រោងស្នើកម្ចីនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងអាជីវកម្ម។ ព្រោះកន្លងមកមិនទាន់មានធនាគារណាមួយដែលបើកទូលាយផ្ដល់ឥណទានដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍នៅឡើយទេ។ ជាមួយគ្នានេះ ដើម្បីឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ងាយស្រួលទទួលបានកម្ចីនេះ ។ នាងខ្ញុំមានសំណូមពរមួយចំនួនដូចជា សូមធនាគារផ្ដល់កម្ចីដល់ម្ចាស់អាជីវកម្មវិស័យទេសចរណ៍ទូទាំង២៥ខេត្តក្រុងនៅ កម្ពុជា បន្ធូរបន្ថយលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីផ្ដល់លទ្ធភាពឲ្យអាជីវកម្មខ្នាតតូចអាចទទួលបានកម្ចី។ បើអាចធ្វើទៅបាន គួរកុំតម្រូវឲ្យដាក់មានទ្រព្យបញ្ចាំ ហើយបើតម្រូវឲ្យបញ្ចាំគួរទទួលយកប្លង់ទន់ផងដែរ»

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងថា សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ព្រមទាំងក្រុមហ៊ុនទេសចរណ៍ជាច្រើន ដែលបានបិទទ្វារបណ្តោះអាសន្នដោយសាររងផលប៉ះពាល់ពីវិវបត្តិកូវីដ១៩ ដែលត្រៀមខ្លួនបើកដំណើរការអាជីវកម្មឡើងវិញ មានតម្រូវការទុនវិនិយោគធំ សម្រាប់រៀបចំអាជីវកម្មរបស់ពួកគេឱ្យដូចដើមវិញ។ តាមរយៈគម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារនេះ នឹងជួយសម្រួលយ៉ាងច្រើនដល់ម្ចាស់អាជីវកម្មទាំងនោះ។

តែយ៉ាងណាមិញ លោកស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាក្នុងការកាត់បន្ថយអត្រាការប្រាក់ឱ្យទាបជាង៦.៥ភាគរយ និងរយៈពេលនៃការសងត្រឡប់យ៉ាងហោចណាស់ពី១០ទៅ១៥ឆ្នាំ។ ជាងនេះទៅទៀតនោះ លោកចង់ឱ្យធនាគារដែលផ្តល់កម្ចីតាមរយៈគម្រោងនេះ បន្ធូបន្ថយទ្រព្យបញ្ចាំ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រោះក្នុងរយៈពេល២ឆ្នាំនេះ អាជីវកម្មក្នុងវិស័យទេសចរណ៍ស្ទើរតែមិនទទួលបានចំណូលនោះទេ ដើម្បីឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទាំងអស់ទទួលបានថវិកា និងផលប្រយោជន៍ពីគម្រោងនេះ។

លោកបន្ថែមថា «ចំពោះការប្រាក់៦.៥ភាគរយក្នុងមួយឆ្នាំ សម្រាប់ខ្ញុំបើយើងធៀបជាមួយធនាគារពាណិជ្ជដទៃទៀត ខ្ញុំគិតថាប្រហាក់ប្រហែល និងក្រោមតែបន្តិចបន្តួច(០.៥%)ប៉ុណ្ណោះ ប៉ុន្តែបើសិនជារដ្ឋាភិបាលអាចពិចារណាដំបូងៗនេះ អាចថាការប្រាក់រវាងពី៣ទៅ៥ភាគរយនោះ គឺជាការល្អមែនទែន។ ដូចគ្នានឹងរយៈពេលដែរ បើសិនជារដ្ឋាភិបាលអាចពិចារណាក្នុងរយៈពេលវែងបាន ព្រោះ៧ឆ្នាំតិចណាស់ ព្រោះយើងក៏មិនទាន់ដឹងថាតើវាមានអ្វីកើតឡើងក្នុងពេលខាងមុខទៀតទេ ដូច្នេះរដ្ឋាភិបាលគួរពិចារណាឡើងវិញក្នុងការពន្យាពេលចន្លោះពី១០ទៅ២០ឆ្នាំ ឬពី១០ទៅ១៥ឆ្នាំ ខ្ញុំគិតថាអាចជួយបានច្រើនព្រោះគ្នាទម្រាំតែរៀបចំសារដើមឡើងវិញ»

សូមជម្រាបថា មុននឹងការមកដល់នូវវិបត្តិនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ បានផ្តល់នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤ ៩១៩ លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ ៤.៤% នៃផសស ។ ក្នុងអំឡុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឱ្យសហគ្រាសជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល៕