(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានគូសបញ្ជាក់ថា ការងើបឡើង នៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការគូសបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកា ចំនួន ១៥០ លានដុល្លារ ដែលជាបដិភាគ រវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងើបឡើងនៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង, ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាលព្រមទាំងវិធានការ អន្តរាគមន៍ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឲ្យមានការបើកដំណើរការទាំងស្រុងឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន»

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ, វិស័យទេសចរណ៍ចាប់ផ្តើម មានសម្ទុះងើបឡើងវិញជាសកល ដោយប្រទេសភាគច្រើន បានបន្ធូរបន្ថយ នូវវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និង បានលើកលែង ឬ ដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វី-ដំណើរអន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ផ្អែកតាមការព្យាករណ៍ របស់អង្គការទេសចរណ៍ពិភពលោក (WTO), វិស័យទេសចរណ៍សកល នឹងត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិ នៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងន័យនេះ, ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល, វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ទោះបីជាវិស័យទេសចរណ៍ បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញ គួរឲ្យកត់សម្គាល់ក្តី, សហគ្រាសនៅក្នុងវិស័យនេះ នៅបន្តជួបប្រទះនូវបញ្ហា ប្រឈមជាច្រើន ជាអាទិ៍៖

១៖ ការខ្វះសមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល
២៖ ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន
៣៖ ការខ្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់
និង៤៖ ការខ្វះទុន រួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់រក្សាលំនឹង, កែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល, ការស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ គឺជាកត្តាចាំបាច់ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ក្នុងការសម្របខ្លួន ទៅនឹងការប្រែប្រួល នៃបរិយាកាសប្រកួតប្រជែងសកល ជាពិសេស ដើម្បីគាំទ្រដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពនានា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕