(ក្រុងញូវយ៉ក)៖ ក្រុមហ៊ុនលក់អាហារទាន់ចិត្ត McDonald’s របស់អាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទថា ក្រុមហ៊ុននឹងចាកចេញពីទីផ្សាររុស្ស៊ី ហើយនឹងលក់អាជីវកម្មរបស់ខ្លួនក្នុងប្រទេសដែលកាន់តែឯកោតែខ្លាំងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនរបស់ប្រទេសលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ីចាប់តាំងពីការលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ។ ហើយនៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តរបស់របស់ប្រទេសបារាំង Renault បានប្រកាសថា ខ្លួនបានផ្ទេរទ្រព្យសកម្មនៅរុស្ស៊ីរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ។

កាលពីខែមីនាក្រុមហ៊ុន McDonald's បានបិទភោជនីយដ្ឋានទាំងអស់ចំនួន ៨៥០ទីតាំងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលហាងទាំងអស់នេះផ្តល់ការងារដល់បុគ្គលិកចំនួន ៦២ ០០០នាក់។

ប៉ុន្តែនៅថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនបានឈានទៅមុខមួយជំហានទៀត ដោយបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីប្រតិបត្តិការជាង ៣០ ឆ្នាំនៅក្នុងប្រទេសរុស្ស៊ី សាជីវកម្ម McDonald's បានប្រកាសថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី ហើយបានចាប់ផ្តើមដំណើរការលក់អាជីវកម្មនៅរុស្ស៊ីរបស់ខ្លួន»។

ក្រុមហ៊ុន McDonald's បានឱ្យដឹងថា៖ «វិបត្តិមនុស្សធម៌ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងបរិយាកាសប្រតិបត្តិការដែលមិនអាចទាយទុកជាមុនបាន បាននាំឱ្យក្រុមហ៊ុន McDonald's សម្រេចថា ការបន្តកាន់កាប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីមិនអាចធ្វើតទៅទៀតបានទេ ហើយក៏មិនស្របតាមតម្លៃរបស់ McDonald's ដែរ»។

ក្រុមហ៊ុន McDonald's បានឱ្យដឹងទៀតថា ខ្លួនកំពុងស្វែងរកការលក់ «ផលប័ត្រវិនិយោគទាំងមូលនៃភោជនីយដ្ឋាន McDonald's នៅក្នុងប្រទេសរុស្ស៊ីទៅឱ្យអ្នកទិញស្រុក»។

ក្រុមហ៊ុនបានបន្ថែមថា បន្ទាប់ពីការលក់នេះ ភោជនីយដ្ឋានទាំងអស់នឹងលែងអាចប្រើឈ្មោះឡូហ្គោ ម៉ាកយីហោ ឬម៉ឺនុយរបស់ McDonald ទៀតហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕