(បាងកក)៖ ក្រុមហ៊ុននាំចេញអង្ករក្នុងប្រទេសថៃបានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការនាំចេញអង្ករនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអង្ករក្នុងស្រុកអាចនាំឱ្យប្រទេសនាំចូលអង្ករទាក់ទើក្នុងការទិញអង្កររបស់ថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃថា តម្លៃអង្ករសប្រភេទបាក់ ៥% នៅក្នុងទីផ្សារក្នុងស្រុកបានកើនឡើង ២៥% ដល់ ១៥បាតក្នុងមួយគីឡូក្រាម ពោលគឺកើនឡើងពី ១២ បាតក្នុងមួយគីឡូក្រាមនៅដើមឆ្នាំនេះ ដែលជំរុញដោយសារតម្រូវការនាំចូលខ្ពស់ជាពិសេសពីប្រទេសអ៊ីរ៉ាក់។

ការកើនឡើងតម្លៃអង្ករក្នុងស្រុកបានកើនខ្ពស់ជាងតម្លៃនាំចេញ ដោយតម្លៃអង្ករសដែលគិតថ្លៃត្រឹមកំពង់ផែបានកើនឡើងតែ ១៥% ប៉ុណ្ណោះពី ៤០០ដុល្លារក្នុងមួយតោនក្នុងរយៈពេលដូចគ្នាដល់ ៤៦០ ដុល្លារក្នុងមួយតោន។

លោក Chookiat បានមានប្រសាសន៍ថា៖ «អង្ករថៃកាន់តែថ្លៃអាចជំរុញឱ្យប្រទេសនាំចូលរង់ចាំមើលសិនក្នុងការទិញអង្ករថៃបន្ថែមទៀតនៅក្នុងត្រីមាសទី២ ដែលអាចនាំឱ្យប្រទេសថៃបាត់បង់ឱកាសនាំចេញ»។ លោកបន្ថែមថា៖ «ការកើនឡើងតម្លៃក្នុងស្រុកត្រូវបានជំរុញដោយតម្រូវការដ៏ច្រើនពីប្រទេសអ៊ីរ៉ាក់ ដែលបានចាប់ផ្តើមទិញអង្ករថៃម្តងទៀតបន្ទាប់ពីបានបញ្ឈប់ការនាំចូលអស់រយៈពេលជាច្រើនឆ្នាំ»។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ប្រទេសថៃបាននាំចេញអង្ករជាង ២សែន តោនទៅកាន់ប្រទេសអ៊ីរ៉ាក់ចាប់តាំងពីដើមឆ្នាំនេះមកដោយសមាគមអ្នកនាំចេញអង្ករថៃរំពឹងថា ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះនឹងទិញយ៉ាងហោចណាស់ ៤សែនតោននៅឆ្នាំ២០២២នេះ។

នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ការនាំចេញអង្កររបស់ថៃបានកើនឡើងដល់ ១,៧៤លានតោន កើនឡើង ៤៨,៥% ដែលមានតម្លៃ ២៩,៥ប៊ីលានបាត កើនឡើង ៣០,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះត្រូវបានគេសន្មតថាដោយសារមានតម្រូវការខ្លាំង និងការធ្លាក់ថ្លៃប្រាក់បាត ដែលធ្វើឱ្យតម្លៃអង្ករថៃមានការប្រកួតប្រជែងកាន់តែខ្លាំង។ សមាគមរំពឹងថា តម្លៃអង្ករថៃនឹងកើនឡើង ៥% ទៀត ឬ ២០ដុល្លារក្នុងមួយតោននៅត្រីមាសទី២ ឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕