(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជា កំពុងសម្លឹងមើលឱកាស និងត្រៀមខ្លួនបោះជំហានចូលទីផ្សារមូលបត្រ បន្ទាប់ពីមើលឃើញពីភាពចំណេញ និងការរីកចម្រើនឥតឈប់ឈរលើវិស័យមូលបត្រនេះ។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងសន្និសីទជាតិ ស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទសវត្សរ៍នៃការអភិវឌ្ឍន៍ទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» រៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក ស៊ូ សុជាតិ បានឲ្យដឹងថា «ខ្ញុំគិតថាពេលនេះក្រុមហ៊ុនធំៗ បាននិងកំពុងសម្លឹងមើលទីផ្សារមូលបត្រ ជាក់ស្ដែងកាលពីប៉ុន្មានខែមុននេះ ខ្ញុំទើបនឹងបានជួបពិភាក្សាជាមួយធនាគារ ជីប ម៉ុង អំពីគម្រោងចូលរួមជាមួយវិស័យមូលបត្រនេះឯង។ ក្រុមហ៊ុនធំៗ ចាប់ផ្ដើមសម្លឹងលើវិស័យមូលបត្រម្ដងមួយៗ ដោយសារតែការវិនិយោគបោះផ្សាយលើវិស័យមូលបត្រ ជាការវិនិយោគដែលចំណេញ»

លោកបានបន្ដថា បូករួមជាមួយការប្ដេជ្ញាចិត្តពីទីផ្សារមូលបត្រកម្ពុជាថា ប៉ុន្មានឆ្នាំទៅមុខទៀតនឹងធ្វើឲ្យទំហំជួញដូរប្រចាំថ្ងៃកាន់តែច្រើនថែមទៀត សម្រាប់ឆ្នាំនេះ យើងទទួលបានការជួញដូរ១លានដុល្លារក្នុងមួយថ្ងៃ ហើយក្នុងនាមជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា យើងចង់ឃើញកំណើនលើសនេះទៀត។ ជាក់ស្ដែង អេស៊ីលីដា ការជួញដូរបានកើនលើស៤៥លានដុល្លារក្នុងមួយថ្ងៃ ទាំងនេះជាការបញ្ជាក់ពីលទ្ធភាពនៃ ការធ្វើបានរបស់ផ្សារមូលបត្រកម្ពុជា ហើយកត្តាទាំងអស់នេះ ដែលបញ្ជាក់ឲ្យក្រុមហ៊ុនធំៗឃើញ និងទាក់ទាញមកចូលទីផ្សារមូលបត្រ ដោយបញ្ជាក់ថា បើក្រុមហ៊ុនត្រូវការទឹកប្រាក់ ឲ្យសមនឹងក្រុមហ៊ុនរបស់ខ្លួន ផ្សារមូលបត្រកម្ពុជាអាចរ៉ាបរងបាន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជារំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគត បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនធំៗចូលមក ដោយសារតែផ្សារមូលបត្រនៅមានទំហំតូច ការលក់ភាគហ៊ុនមានតិចតួចៗនៅឡើយ ហើយការបោះផ្សាយលក់ម្ដងៗ មានត្រឹមតែជាង២០លានដុល្លារប៉ុណ្ណោះ។

លោកបានបន្ដថា «ទោះជាយ៉ាងនេះ ក្ដីខ្ញុំរំពឹងថាពេលអនាគត ក្រុមហ៊ុនធំៗទាំងនោះនឹងបោះជំហានចូលផ្សារមូលបត្រ បោះលក់ភាគហ៊ុន និងអាចលក់ភាគហ៊ុនបានចូលខ្ទង់រយលានដុល្លារ ឬពាន់លានដុល្លារ។ ខ្ញុំមានទំនុកចិត្តថា នៅពេលនោះមកដល់ក្រុមហ៊ុនធំៗនឹងពិចារណា ក្នុងការបោះជំហានចូលទីផ្សារមូលបត្រ។ បច្ចុប្បន្នការលក់ភាគហ៊ុន នៅផ្សារមូលបត្រមានចន្លោះ២០-៣០លានដុល្លារប៉ុណ្ណោះ កត្តាទាំងនេះជាការជំរុញឲ្យក្រុមហ៊ុនធំៗ មិនទាន់ចាប់អារម្មណ៍នៅឡើយទេ ប៉ុន្ដែប្រសិនបើផ្សារមូលបត្រលក់ម្ដងបាន១០០-២០០លានដុល្លារ ច្បាស់ណាស់ក្រុមហ៊ុនធំៗទាំងនោះ នឹងបោះជំហានចូលទីផ្សារមូលបត្រតែម្ដង»

លោក ហុង សុហួរ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណហើយក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។

លោកបានលើកឡើងថា ពិតមែនតែទីផ្សារកម្ពុជា មានទំហំតូច បើប្រៀបធៀបនឹងប្រទេសជិតខាង តែទំហំជួញដូរមានការកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៩មក ដែលក្នុងឆ្នាំ ២០១៨ និងឆ្នាំមុនៗនោះ ទំហំជួញដូរប្រចាំថ្ងៃ មានប្រមាណជាង ១០០លានរៀល (២ម៉ឺនដុល្លារ) ឬតិចជាងនេះ ហើយកើនឡើងដល់ប្រមាណ ៦៣០លានរៀល (ជិត១៦ម៉ឺនដុល្លារ ក្នុងឆ្នាំ ២០១៩ តែបានធ្លាក់ចុះបន្តិចមកត្រឹមប្រមាណ ៤៧០លានរៀល (ជាង១១ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ ដោយតែការមកដល់នៃជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាព និងភាពវៃឆ្លាត នៃការគ្រប់គ្រងស្ថានការណ៍បានល្អ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាបានត្រលប់ទៅរកផ្លូវកំណើនឡើងវិញហើយ ដោយទំហំជួញដូរបានកើនដល់ជាង១ប៊ីលានរៀល (២៧ម៉ឺនដុល្លារ) ហើយក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២២នេះ យើងបានសម្រេចបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដោយទំហំជួញដូរ បានកើនឡើងដល់ជាង ៤ប៊ីលានរៀល (១លានដុល្លារ) ក្នុង១ថ្ងៃ ដោយសារតែមានសកម្មភាពជួញដូរច្រើន លើភាគហ៊ុន អេស៊ីលីដា៕