(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីជួញដូរតាមទូរស័ព្ទ «CSX Trade» ក្រោមការចូលរួមពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា ការលើកទឹកចិត្តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងនិយ័តករមូលបត្រកម្ពុជា និងការលើកទឹកចិត្តពីសំណាក់ភាគីពាក់ព័ន្ធនានាផ្សេងទៀត ធ្វើឲ្យផ្សារមូលបត្រសម្រេចបានគួរជាទីមោទនៈ ដោយមានក្រុមហ៊ុនចុះបញ្ជីនាពេលបច្ចុប្បន្នចំនួន១៦ ដោយចំនួន៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៥ក្រុមហ៊ុនទៀតបានចុះបញ្ជីជាសញ្ញាបណ្ណ ព្រមទាំងបានគៀងគរទុនពីទីផ្សារមូលបត្រជាច្រើន។

លោកបានបន្ដថា តាមរយៈការដាក់ឲ្យប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ កម្មវិធីជួញដូរតាមទូរស័ព្ទ «CSX Trade» នឹងជំរុញទាក់ទាញអ្នកចូលផ្សារហ៊ុនកាន់តែច្រើន តាមរយៈការទទួលបានព័ត៌មាននានា អំពីការជួញដូរ ផលចំណេញពីការជួញដូរជាដើម។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា ការដាក់ឱ្យដំណើការជាផ្លូវការនូវកម្មវិធី ជួញដូរតាមទូរស័ព្ទ «CSX Trade» រៀបចំដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបង្ហាញពីដំណើរនៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាបន្ថែមទៀត។

លោកបន្តថា «តាមរយៈការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទ ស៉ី អេស អ៉ិក ត្រេដ (CSX Trade) ដែលអនុញ្ញាតឲ្យវិនិយោគិនកាន់តែងាយស្រួល ក្នុងការជួញដូរមូលបត្រតាមទូរស័ព្ទ ខ្ញុំជឿជាក់ថាសកម្មភាពជួញដូរក្នុងទីផ្សារនេះ នឹងមានការកើនឡើង»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរជាអនេក ចំពោះថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គ ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ និងរំពឹងថានឹងមានការរីកចម្រើន កាន់តែខ្លាំងក្លាថែមទៀត។

អគ្គបណ្ឌិតសភាចារ្យបានបន្ដថា វិស័យមូលបត្រដែលរីកចម្រើន នឹងផ្ដល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាចធ្វើពិពិធកម្មខ្ទង់វិនិយោគ របស់ខ្លួនបានកាន់តែប្រសើរ៕