(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងខ្ពស់ក្នុងត្រីមាសទី១ ដោយសារការស្ទុះងើបតម្រូវការឡើងវិញ និងទីផ្សារការងារកាន់តែរឹងមាំនៅពេលដែលសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥ភាគរយក្នុងអំឡុងពីខែមករាដល់ខែមីនា ដែលខ្ពស់ជាងការព្យាករដែលថាមានត្រឹមតែ ៤ភាគរយក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងកើនឡើងពីកំណើន ៣,៦ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Nor Shamsiah Mohd Yunus ទេសាភិបាលធនាគារ Bank Negara Malaysia ដែលជាធនាគារកណ្តាលរបស់ម៉ាឡេស៊ីថា ធនាគារកណ្តាលបានរាប់បញ្ចូលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងការព្យាកររបស់ខ្លួន ហើយកំណើននៅឆ្នាំ២០២២ នឹងត្រូវបានគាំទ្រដោយការកើនឡើងជាបន្តនូវតម្រូវការក្នុងស្រុក និងខាងក្រៅ។

លោកស្រី Nor Shamsiah បានឱ្យដឹងថា ហានិភ័យធ្លាក់ចុះរួមមានទាំង ការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការអាក់ខានដែលអូសបន្លាយពេលចំពោះខ្សែចង្វាក់ផ្គត់ផ្គង់។

លោកស្រីថ្លែងទៅកាន់សិន្នសីទកាសែតមួយថា៖ «ទោះបីជាហានិភ័យធ្លាក់ចុះបានកើនឡើងនៅក្នុងពិភពលោកក៏ដោយ ក៏យើងមានទំនុកចិត្តទៅលើគន្លងកំណើនសេដ្ឋកិច្ចរបស់យើងផងដែរ ហើយយើងមិនឃើញមានហានិភ័យដំណើរដើរថយក្រោយនៃសេដ្ឋកិច្ចណាមួយនៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ»។

ធនាគារកណ្តាលម៉ាឡេស៊ីបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ខ្លួននៅចន្លោះពី ៥,៣ ភាគរយទៅ ៦,៣ភាគរយដដែល ដែលអត្រានេះត្រូវបានទម្លាក់កាលពីខែមីនា។

ប្រទេសម៉ាឡេស៊ីដែលទទួលរងគ្រោះដោយសារការផ្ទុះជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតនៅក្នុងតំបន់ បានដកវិធានការបង្ការជំងឺឆ្លងភាគច្រើនរបស់ខ្លួនក្នុងខែនេះ ដោយសារអត្រានៃការឆ្លងបានថយចុះ ក្នុងគ្រាដែលមានការបង្កើនកម្មវិធីចាក់វ៉ាក់សាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕