(តូក្យូ)៖ មេដឹកនាំរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ីបូព៌ា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានព្រមានពីហានិភ័យចំពោះចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់ ហើយបានសន្យាថានឹងនៅតែប្តេជ្ញាចិត្តចំពោះស្ថិរភាពទីផ្សារ និងគោលនយោបាយសារពើពន្ធដ៏រឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកសស្រង់សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលដែលមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ហានិភ័យសេដ្ឋកិច្ចទាំងនេះ រួមមានការដំឡើងអត្រាការប្រាក់មុនកាលកំណត់ដែលមិននឹកស្មានដល់ «នៅក្នុងប្រទេសជឿនលឿនមួយចំនួន» អតិផរណាខ្ពស់ខ្លាំង និងការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ដែលកើតមានឡើងបន្ថែមលើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងតាមអ៊ីនធឺណិតរបស់ក្រុមរដ្ឋមន្ត្រី និងទេសាភិបាលទាំងនេះនេះ។

ក្រុមមន្ត្រីមកពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងនិរន្តរភាពសារពើពន្ធរយៈពេលវែង។

សេចក្តីថ្លែងការណ៍រួមនេះបានឱ្យដឹងថា៖ «យើងត្រូវតែរក្សាការប្រុងប្រយ័ត្នចំពោះការកើនឡើងហានិភ័យដែលកំពុង​ប្រឈមចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ...បន្ថែមពីលើជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតមាន និងការធ្វើឱ្យមានលក្ខណៈធម្មតាវិញ (ប្រក្រតីភាពកម្ម) នូវគោលនយោបាយរូបិយវត្ថុមុនការរំពឹងទុកនៅក្នុងប្រទេសជឿនលឿនមួយចំនួន»។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា៖ «កត្តាទាំងនេះអាចក្លាយជាហានិភ័យធ្លាក់ចុះចំពោះចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់ ដែលបង្កឱ្យមានការប្រែប្រួលដល់ទីផ្សារហិរញ្ញវត្ថុ និងលំហូរមូលធន»។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមមន្ត្រីទាំងនេះកើតមានឡើងក្នុងគ្រាដែលពេលមានការព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិកនិងការធ្លាក់ចុះដែលពាក់ព័ន្ធចំពោះទ្រព្យសកម្មរបស់ធនាគារកណ្តាលបានជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃង។ កត្តានេះបានបង្កើនការរំពឹងទុកថានឹងមានលំហូរចេញមូលធនពីប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងមួយចំនួន និងការកើនឡើងបន្ទុកបំណុលជាប្រាក់ដុល្លារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕