(ភ្នំពេញ)៖ ធុរកិច្ចជនកម្ពុជា និងកូរ៉េខាងត្បូង បាននិង កំពុងពិនិត្យលទ្ធភាព សិក្សានិតិវិធីក្នុងការនាំចេញផ្លែចេកស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារកូរ៉េ ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំនួបរវាងសមាគមអ្នកនាំចូលកូរ៉េ ប្រធានក្រុមហ៊ុន GADOSH និងតំណាងក្រុមហ៊ុន ឡងមេត អេហ្រ្គីខលឈ័រ បង្ហាញសញ្ញាវិជ្ជមាន។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡងមេត អេហ្រ្គីខលឈ័រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការនាំចេញចេកស្រស់ពីកម្ពុជាទៅប្រទេសកូរ៉េ អាចនឹងធ្វើឱ្យក្នុងឆ្នាំនេះ ខណៈដែលភាគីទាំងពីរកំពុងពិភាក្សាគ្នា ដើម្បរៀបចំផែនការលម្អិត ពីប្រព័ន្ធនៃការដឹកជញ្ជូន តម្លៃ និងបញ្ហាភូតគាមអនាម័យ ដើម្បីឱ្យការនាំចេញផ្លែចេក ទៅកាន់ទីផ្សារកូរ៉េ ធ្វើឡើងជាប់ប្រចាំ និងមាននិរន្តភាពនៃការផ្គត់ផ្គង់។

លោកបានបញ្ជាក់ថា កាលសប្តាហ៍មុននេះ សមាគមអ្នកនាំចូលកូរ៉េ និងធុរកិច្ចជនកូរ៉េ បានចុះទស្សនកិច្ចនៅចំការចេកឡងមេត អេហ្រ្គីខលឈ័រ ដើម្បីពិនិត្យ និងសិក្សាពីដំណើរការផលិត ដែលធ្វើឱ្យពួកគេមានការចាប់អារម្មណ៍ និងទទួលស្គាល់នូវគុណភាពចេកកម្ពុជា ទើបឈានទៅការពិភាក្សាគ្នា ក្នុងការនាំចេញចេកស្រស់ជាផ្លូវការពីកម្ពុជាទៅប្រទេសកូរ៉េ។

លោកបញ្ជាក់បន្ថែមថា «និយាយជារួម គឺក្រោយពីគាត់បានពិភាក្សា និងធ្វើទស្សនកិច្ចផ្ទាល់នៅនឹងចំការ គឺប្រតិភូកូរ៉េឃើញថា មានកម្រិតស្តង់ដារខ្ពស់ហើយ ហើយគាត់មានចំណាប់អារម្មណ៍ឈានទៅដល់ការនាំចូលសាកល្បង តែការងារនេះនៅជជែកនាំចូលលម្អិតបន្ថែមទៀត»

កាលពីសប្តាហ៍មុននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំ និងសម្របសម្រួលឱ្យមានការជួបពិភាក្សាគ្នា រវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ធុរជនរបស់កម្ពុជាមួយចំនួន និងធុរកិច្ចកូរ៉េ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព ក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារកូរ៉េ។ ក្រោយជំនួបពិភាក្សាគ្នា ធុរជននៃប្រទេសទាំងពីរ បានបង្ហាញជាសញ្ញាវិជ្ជមាន ចំពោះផលិតផលកសិកម្មកម្ពុជា ជាពិសេសស្វាយ និងចេក ដែលនឹងបន្តពិភាក្សានៃដំណើរការនិតិវិធីនៃការនាំចេញផលិផលកសិកម្មបន្ថែមទៀត។

ឧកញ៉ា ហ៊ុន ឡាក់ បានប្រាប់បន្ថែមពីលទ្ធផលនៃជំនួបនេះផងដែរថា «សមាគមអ្នកនាំចូលប្រទេសកូរ៉េ គាត់ចង់នាំកសិផល ដែលមានសក្ដានុពល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ និងមានជំនួបរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូដែលនាំចូល កសិផលពីបណ្តាប្រទេសនានាចូលទៅប្រទេសកូរ៉េ ហើយដំណើរទស្សនកិច្ចរបស់គាត់លើកនេះ គឺសំដៅទៅលើ ការសិក្សាទៅលើការនាំចូលផ្លែស្វាយ ជាពិសេសផ្លែស្វាយកែវរមៀត»

លោកបន្តថា «តែស្វាយដោយសារចុងរដូវកាលហើយ ហើយការប្រមូលផ្លែស្វាយស្រស់វាអស់ផុតបាត់ហើយ អីចឹងទាល់តែចាប់ផ្តើមរដូវកាលក្រោយ ជាពិសេសរដូវកាលពីធ្វើស្វាយខុសរដូវចាប់ពីខែតុលាឡើងទៅ ចំណែកចេកឆាប់ៗ នេះហើយ កំពុងរៀបចំសិក្សាទៅលើប្រព័ន្ធដឹកជញ្ជូន ទោះជាយ៉ាងណា គឺឆាប់ទេសម្រាប់ផ្លែចេកស្រស់»

តាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញផ្លែចេកស្រស់ ចំនួន ១០៣ ៦២៦.៨៤តោន ថយចុះ១៣.៤៦% ដោយនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០.២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦.៥៨តោន៕