(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃការិយាល័យឥណទានកម្ពុជា (CBC) ប្រាប់អំពីវិធីសាស្ដ្រ ដើម្បីកសាងខ្លួនឲ្យមានប្រវត្ដិឥណទានល្អ ឬក៏ធ្លាប់មានប្រវិត្ដឥណទានមិនល្អ ផ្លាស់ប្ដូរទៅជាប្រវិត្ដឥណទានល្អវិញ។

បើតាមលោក អឿ សុធារ័ត្ន ការមានប្រវត្តិឥណទានល្អ នឹងបង្កភាពងាយស្រួល ក្នុងការទទួលបានឥណទានថ្មី និងអាចមានលទ្ធភាពចរចា ជាមួយស្ថាប័នផ្តល់កម្ចី ក្នុងការទទួលបានការប្រាក់ទាប ខណៈបច្ចុប្បន្ននេះ លទ្ធភាពនៃការសងត្រឡប់របស់អ្នកជាប់កម្ចីនៅកម្ពុជា ស្ថិតក្នុងកម្រិតល្អប្រសើរ។

លោក អឿ សុធារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីធ្វើឲ្យប្រវត្ដិឥណទានល្អ យើងត្រូវតែបង់សងទៅតាមអ្វីដែលសន្យា ហើយទាមទារឲ្យយើងប្រើប្រាស់ប្រាក់កម្ចី ទៅតាមលទ្ធភាពដែលយើងមាន និងត្រូវប្រើប្រាស់ឥណទាន ឲ្យបានច្បាស់លាស់ និងចំគោលការណ៍»

លោកបានពន្យល់ថា បើសិនជាអ្នកមិនទាន់មានប្រវិត្ដឥណទាន ឬក៏ធ្លាប់មានប្រវិត្ដឥណទានមិនល្អ ដើម្បីឲ្យមានប្រវិត្ដឥណទានល្អវិញ អ្វីដែលគួរប្រតិបត្ដិ គឺត្រូវបង់សងឲ្យទៅតាមកំណត់ តាមអ្វីដែលបានព្រមព្រៀងគ្នា ជាមួយម្ចាស់ឥណទាន។

លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា ឥណទានជាអ្វីដែលបានព្រមព្រៀងគ្នា រវាងអ្នកផ្ដល់ប្រាក់កម្ចី និងអ្នកទទួលបានប្រាក់កម្ចី នៅពេលដែលព្រមព្រៀងគ្នាហើយ យកថវិការបស់គេមកប្រើប្រាស់ តែងតែសន្យាទៅវិញ ថាបង់សងទៅវិញនៅថ្ងៃណា។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះបានបន្ដថា ដើម្បីធ្វើឲ្យប្រវត្ដិឥណទានល្អ យើងត្រូវតែបង់សងទៅតាមអ្វី ដែលសន្យាជាមួយគេ ព្រោះថានៅពេលដែលយើង បង់សងទៅតាមអ្វី ដែលយើងបានសន្យាជាមួយគេ វានឹងធ្វើឲ្យប្រវត្ដិយើង កាន់តែល្អពីមួយខែទៅមួយខែ។

បន្ថែមពីនោះទៀត លោក អឿ សុធារ័ត្ន បានឲ្យដឹងថា ដើម្បីកសាងខ្លួនមានប្រវត្ដិឥណទានល្អ ក៏ត្រូវទាមទារឲ្យយើងប្រើប្រាស់ប្រាក់កម្ចី ទៅតាមលទ្ធភាពដែលយើងមាន ដោយឧទាហរណ៍ថា យើងមានតម្រូវការតែ១០លានរៀល ហើយមានលទ្ធភាពតែប៉ុណ្ណោះ គឺខ្ចីតែប៉ុណ្ណោះបានហើយ។

លោកបានលើកឡើងថា បើសិនជាយើងមានលទ្ធភាពខ្ចី១០លានរៀល យកមកប្រើប្រាស់ ប៉ុន្ដែយើងខ្ចីគេរហូតដល់២០លានរៀល ដែលធ្វើឲ្យសមត្ថភាព នៃការបង់សងមានបញ្ហា ហើយនៅពេលមានបញ្ហានៃបង់សង នឹងធ្វើឲ្យប្រវត្ដិឥណទានរបស់យើង ក៏មិនល្អនោះដែរ។

លើសពីនោះទៀត លោក អឿ សុធារ័ត្ន ក៏ប្រាប់អំពីការប្រើប្រាស់ឥណទាន ឲ្យបានច្បាស់លាស់ និងចំគោលការណ៍ ព្រោះឥណទាន គឺជាអាវុធមុខ២ បើសិនជាប្រើប្រាស់ ចំគោលដៅ អាចទទួលបានផ្លែផ្កាល្អ ប៉ុន្ដែបើសិនជាប្រើប្រាស់មិនចំគោលដៅ នឹងជួបនូវវិបត្ដិពីឥណទានវិញ៕