(តូក្យូ)៖ ក្រុមហ៊ុន PetroDiamond International (PDI) ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរបស់ក្រុមហ៊ុន MitsubishiCorp នឹងកំពុងផ្ទុកទំនិញប្រេងឆៅរបស់អូស្រ្តាលីពីអណ្តូងប្រេង Van Gogh សម្រាប់ប្រទេសជប៉ុននៅចុងខែនេះ ដើម្បីបំពេញតម្រូវការថាមពលខ្ពស់បំផុតនៅរដូវក្តៅ។

យោងតាមទិន្នន័យដឹកជញ្ជូន និងប្រភពពាណិជ្ជកម្មនានា ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុននាំចូលឧស្ម័នធម្មជាតិរាវ (LNG) ធំទី២ក្នុងពិភពលោកមួយនេះ រំពឹងថានឹងប្រឈមមុខនឹងទីផ្សារអគ្គិសនីដ៏តឹងតែងម្តងទៀតក្នុងរដូវក្តៅ និងរដូវរងាខាងមុខនេះ ដោយងាកទៅរកប្រេងសម្រាប់ដុតនៅរោងចក្រថាមពល ដោយសារវិបត្តិនៅប្រទេសអ៊ុយក្រែនបានជំរុញឱ្យតម្លៃឧស្ម័ន និងធ្យូងថ្មឡើងថ្លៃ។

អឺរ៉ុបកំពុងស្តុកទុកឥន្ធនៈប្រើប្រាស់ក្នុងគ្រាដែលមានការកើនឡើងភាពតានតឹងជាមួយនឹងអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់ខ្លួនគឺប្រទេសរុស្ស៊ី។ ទីក្រុងម៉ូស្គូកំពុងស្នើសុំការបង់ប្រាក់សម្រាប់ការទិញឧស្ម័នរបស់ខ្លួនជាប្រាក់រូបរបស់រុស្ស៊ី បើមិនដូច្នេះទេខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់។

ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា ក្រុមហ៊ុន PDI បានជួលកប៉ាល់ដឹកប្រេង P. Yanbu របស់ក្រុមហ៊ុន Aframax ដើម្បីផ្ទុកប្រេងឆៅពីអណ្តូងប្រេង Van Gogh ក្នុងប្រទេសអូស្ត្រាលីនៅពាក់កណ្តាលខែឧសភានេះ។

អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi បាននិយាយថា ក្រុមហ៊ុនជួញដូរប្រេងឆៅដើម្បីបំពេញតម្រូវការរបស់អតិថិជន ប៉ុន្តែក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ។

ពាណិជ្ជករនានាដែលតាមដានទីផ្សារប្រេងរបស់ប្រទេសជប៉ុនយ៉ាងជិតស្និទ្ធបានឱ្យដឹងថា ប្រេងឆៅជាធម្មតាត្រូវបានដុតនៅរោងចក្រថាមពលរបស់ប្រទេសជប៉ុន។

យោងតាមទីន្នន័យរបស់ក្រុមហ៊ុន Refinitiv ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅពីអណ្តូងប្រេង Van Gogh ត្រូវបានដឹកជញ្ជូនចុងក្រោយទៅកាន់ប្រទេសជប៉ុនក្នុងខែធ្នូ និងចុងឆ្នាំ២០១៩។

ក្រុមហ៊ុនចម្រាញ់ប្រេងធំបំផុតរបស់ប្រទេសជប៉ុនគឺក្រុមហ៊ុន Eneos Holdings Inc បានឱ្យដឹងកាលពីខែមុនថា ខ្លួនកំពុងទទួលបានសំណើពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងទ្វេដងដែលប្រើប្រាស់នៅក្នុងស្ថានីយ៍ថាមពលដែលប្រើប្រេងសម្រាប់ចាប់ពីខែមេសាដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាវាទំនងជាថា ក្រុមហ៊ុនមិនអាចបំពេញតម្រូវការបានទាំងអស់ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕