(ម៉ូស្គូ)៖ ប្រេសិតរបស់របស់ទីក្រុងប៉េកាំងប្រចាំនៅទីក្រុងមូស្គូបានឱ្យដឹងថា ធនាគារកណ្តាលចិន និងរុស្ស៊ីនឹងពិភាក្សាអំពីការប្រើប្រាស់ និងការលើកកម្ពស់ប្រព័ន្ធទូទាត់ថ្នាក់ជាតិរៀងៗខ្លួននៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Zhang Hanhui ខណៈលោកថា៖ «ទាក់ទងនឹងការលើកកម្ពស់ និងការប្រើប្រាស់ប្រព័ន្ធទូទាត់ថ្នាក់ជាតិ Mir (រុស្ស៊ី) និង UnionPay (ចិន) នៅក្នុងប្រទេសទាំងពីរ សំណួរនេះនឹងត្រូវបានសម្រេចដោយធនាគារកណ្តាលរបស់ភាគីទាំងពីរនៅឯការពិគ្រោះយោបល់នានា»

ប្រព័ន្ធទូទាត់ Mir និង UnionPay ស្ថិតក្នុងចំណោមជម្រើសមួយចំនួនដែលនៅសេសសល់សម្រាប់ប្រជាជនរុស្ស៊ីក្នុងការទូទាត់នៅបរទេសចាប់តាំងពីធនាគាររុស្ស៊ីត្រូវបានដាក់ឱ្យឯកោពីប្រព័ន្ធហិរញ្ញវត្ថុសកល ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅអ៊ុយក្រែន។

ក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធទូទាត់ Visa និង MasterCard ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតរបស់ប្រទេសលោកខាងលិចដែលបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។

ប្រទេសចិនបានបដិសេធមិនថ្កោលទោសទង្វើរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានរិះគន់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលមិនធ្លាប់មាននេះលើទីក្រុងម៉ូស្គូ។ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងបានប្រកាស «ភាពជាដៃគូគ្មានដែនកំណត់» កាលពីខែកុម្ភៈផងដែរ។

ប្រេសិតចិនរូបនេះបាននិយាយថា ប្រទេសចិននឹងប្រើប្រាស់ធនាគារផាត់ទាត់មួយសម្រាប់ប្រតិបត្តិការជាប្រាក់យ័ននៅលើទឹកដីរុស្ស៊ីដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃពាណិជ្ជកម្មជាតិ ដែលរុស្ស៊ីរំពឹងថានឹងឈានដល់ ២០០ប៊ីលានដុល្លារនៅឆ្នាំ២០២៤។

លោកក៏បានឱ្យដឹងផងដែរថា ចិននិងរុស្ស៊ីមិនបាននិងកំពុងតស៊ូមតិដើម្បីបដិសេធប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូនៅក្នុងការទូទាត់ពាណិជ្ជកម្មទេ្វភាគីនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕