(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរក្នុងពិភពលោកបានឱ្យដឹងថា ខ្លួនមានផែនការទាញយកអត្ថប្រយោជន៍ពីខ្វះខាតប្រេងរុក្ខជាតិពិភពលោក និងភាពតានតឹងផ្នែកនយោបាយនៅអឺរ៉ុប ដើម្បីទទួលបានចំណែកទីផ្សារមកវិញ បន្ទាប់ពីអ្នកទិញបានជៀសវាងទិញប្រេងដូងម៉ាឡេស៊ីដោយសារការព្រួយបារម្ភពីបរិស្ថាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងដូងត្រូវបានប្រើប្រាស់ដើម្បីផលិតទំនិញគ្រប់យ៉ាងរាប់ចាប់ពីក្រែមលាបមាត់រហូតដល់គុយទាវ ប៉ុន្តែប្រទេសផលិតប្រេងដូងធំបំផុតទាំងពីរក្នុងពិភពលោកគឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានប្រឈមមុខនឹងការធ្វើពហិការបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឈូសឆាយព្រៃទឹកភ្លៀង និងកេងប្រវ័ញ្ចពលករចំណាកស្រុកសម្រាប់ការពង្រីកចំការយ៉ាងឆាប់រហ័សរបស់ខ្លួន។

ក្រុមហ៊ុនមួយចំនួនបានដាក់លក់ «ផលិតផលគ្មានប្រេងដូង» ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសហភាពអឺរ៉ុប (EU) ដែលជាអ្នកទិញប្រេងដូងធំជាងគេទីបីក្នុងពិភពលោក បានសម្រេចចិត្តលុបចោលសន្សឹមៗនូវជីវឥន្ធនៈដែលមានមូលដ្ឋានពីដូងប្រេងនៅឆ្នាំ២០៣០។

ប៉ុន្តែក្រុមហ៊ុនលក់រាយនានាដូចជាផ្សារទំនើប Iceland របស់អង់គ្លេស ដែលបានដកប្រេងដូងចេញពីអាហារដែលជាម៉ាកយីហោរបស់ខ្លួននៅឆ្នាំ២០១៨ បានបង្ខំចិត្តប្រើប្រាស់ប្រេងដូចឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយសារកង្វះខាតប្រេងរុក្ខជាតិនៅទូទាំងសកលលោកដែលបង្កឡើងដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការហាមឃាត់នាំចេញប្រេងដូងរបស់ឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Zuraida Kamaruddin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដាំដុះ និងទំនិញរបស់ម៉ាឡេស៊ី ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនឱ្យឱកាសដ៏ល្អនេះកន្លងផងឡើយ»។

លោកស្រីមានប្រសាសន៍ថា៖ «វាដល់ពេលហើយដែលយើងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការឃោសនាមិនល្អដើម្បីធ្វើឱ្យខូចដល់ភាពជឿជាក់របស់ប្រេងដូង ហើយសម្រាប់ពួកយើងគឺដើម្បីបង្ហាញពីអត្ថប្រយោជន៍សុខភាពជាច្រើនដែលប្រេងដូងមាន»

លោកស្រី Zuraida បានបន្ថែមថា តម្លៃប្រេងរុក្ខជាតិពិភបលោកទំនងជានៅតែខ្ពស់ក្នុងឆមាសទីមួយឆ្នាំ២០២២នេះ ហើយតម្រូវការរបស់សហភាពអឺរ៉ុបត្រូវបានរំពឹងថានឹងកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយសារតែកង្វះការផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្ន និងសណ្តែកសៀង។

ភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យមានតម្រូវការប្រេងដូង និងប្រេងសណ្តែកសៀង ខណៈដែលប្រទេសនាំចូលស្វែងរកជម្រើសប្រេង ដែលជំរុញឱ្យទីផ្សារប្រេងរុក្ខជាតិឡើងថ្លៃ។

លោកស្រី Zuraida បានបន្ថែមថា ប្រទេសម៉ាឡេស៊ីនឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរតម្រូវការនេះ ហើយនឹងប្រឹងប្រែង និងធ្វើយុទ្ធនាការឱ្យបានខ្លាំង ដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់សកលក្នុងរយៈពេលវែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕