(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុជនជាតិជប៉ុន បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋខ្មែរ មានបញ្ជីកត់ត្រាចំណូល-ចំណាយប្រចាំថ្ងៃ ដើម្បីដឹងពីការចំណាយណាមិនចាំបាច់ នឹងអាចកាត់បន្ថយ ដែលងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងគ្រួសារនីមួយៗ។

ក្នុងពិធីលៀងសាយភោជន នៅសណ្ឋាគារ សុខាភ្នំពេញ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក Yutaka Tanimoto អគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល បានគូសបញ្ជាក់ថា នៅប្រទេសជប៉ុន ប្រជាពលរដ្ឋនៅទីនោះភាគច្រើន អនុវត្ដក្នុងការគ្រប់ហិរញ្ញវត្ថុ ក្នុងគ្រួសារនីមួយៗ គឺមានបញ្ជីកត់ត្រា ចំណាយ-ចំណូល ជាប្រចាំថ្ងៃ ដើម្បីងាយស្រួលក្នុងគ្រប់គ្រង់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អនុវត្ដបញ្ជីកត់ត្រា ចំណាយ-ចំណូល ជាប្រចាំថ្ងៃ រយៈពេលមួយខែ ឬមួយឆ្នាំក្រោយ គឺនឹងធ្វើឲ្យយើងអាចដឹងថា យើងបានចំណាយលើអ្វីខ្លះ និងចំណូលពីណាខ្លះ ដើម្បីងាយស្រួលក្នុងគ្រប់គ្រាន់។ ចំណាយលើអ្វីដែលមិនចាំបាច់ គឺយើងអាចកាត់បន្ថយ»

ជាមួយគ្នានេះ លោក Yutaka Tanimoto ក៏បានឲ្យដឹងផងដែរ ក្នុងការខ្ចីកម្ចី ដោយយើងម្នាក់ៗ ត្រូវដឹងអំពីសមត្ថភាព ក្នុងការខ្ចីកម្ចីដើម្បីត្រលប់សងទៅវិញ ដោយយើងមិនមើលត្រឹមតែបច្ចុប្បន្ននោះទេ គឺយើងត្រូវមើលដល់អនាគតថែមទៀត តើ១ឆ្នាំ ឬ២ឆ្នាំក្រោយទៀត យើងមានសមត្ថភាពសង់ប្រាក់ដែលឬទេ។

លោក Tatsuhiro Kurihara អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល បានលើកឡើងថា ចាប់ពីពេលនេះតទៅ សេដ្ឋកិច្ចកម្ពុជា នឹងអាចឆ្លងផុតវិបត្ដិកូវីដ-១៩ ហើយនឹងបន្ដលូតលាស់ទៅមុខ។ បច្ចុប្បន្ន គ្រឹះស្ថាន ក៏មានផលិតផល កម្ចីបង់រំលស់រថយន្ត កម្ចីបង់រំលស់ម៉ូតូ កម្ចីបង់រំលស់គឿងអេឡិចត្រូនិច កម្ចីបង់រំលស់ដី កម្ចីបង់រំលស់គ្រឿងចក្រកសិកម្ម និងកម្ចីរហ័សជាដើម។

លោកថា បច្ចុប្បន្ន គ្រឹះស្ថាន មានសាខាចំនួន២៩ បុគ្គលិកចំនួន៥២០នាក់ និងអតិថិជន ដែលកំពុងទទួលសេវាចំនួន១៤ម៉ឺននាក់។ ចំពោះចំនួនទឹកប្រាក់សមតុល្យនៃកម្ចី ដែលនៅសល់បច្ចុប្បន្ន មានចំនួន១៤០លានដុល្លារ និងទំហំទុនសរុបចំនួន១៨០លានដុល្លារ៕