(ភ្នំពេញ)៖ សហគមន៍មានជ័យស្នួលទ្រេត នៅខេត្តបន្ទាយមានជ័យ កំពុងស្វែងរកដៃគូវិនិយោគ លើការកែច្នៃស្លឹកគ្រៃភ្លុកដំរីឱ្យមានស្តង់ដារ និងគុណភាព ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះកសិករកំពុងជួបបញ្ហាប្រឈមនឹងការផលិតកែច្នៃ និងការខ្វះទុន។

លោក នាក់ ភា ប្រធានសហគមន៍មានជ័យស្នួលទ្រេត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សហគមន៍មានជ័យស្នួលទ្រេត ត្រូវការទុន១០ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍មួយចំនួន សម្រាប់យកមកកែច្នៃ ដូចជាម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងសម្អាត និងម៉ាស៊ីនខ្ចប់ ដើម្បីវិចខ្ចប់ជាតែស្លឹកគ្រៃ និងផលិតផលផ្សេងៗទៀត សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ ហេតុនេះទើបសហគមន៍នេះ ត្រូវការដៃសហការ និងគាំទ្រ មិនថាអង្គការជាតិ ឬអន្តរជាតិ រាជរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជននោះទេ ដើម្បីផ្តល់ទុន ឬកម្ចី ដល់សហគមន៍សម្រាប់បម្រើឱ្យការកែច្នៃផលិតផល ក្នុងមួយប្រភេទនេះ។

លោកបញ្ជាក់ថា ប្រសិនបើផលិតផលនេះ កែច្នៃឱ្យត្រូវតាមស្តង់ដារ និងការផលិតទាន់ពេលវេលា ភាគីថៃមានតម្រូវការច្រើន មិនកំណត់នោះទេ។ ជាមួយគ្នានេះ សហគមន៍ក៏កំពុង ស្វែងរកទីផ្សារថ្មីៗខាងអឺរ៉ុប និងចិនផងដែរ។

លោកបានប្រាប់យ៉ាងដូច្នេះថា «ទិញម៉ាស៊ីនសម្ងួតមកវាចំណាយទុនខ្ពស់ យើងអត់មានលទ្ធភាពទេ យើងហាលប្រើពន្លឺថ្ងៃយើងធ្វើអត់បានល្អ អត់ត្រូវស្តង់ដារគេទេ មានផលលំបាកច្រើន។ ពលរដ្ឋគាត់ចង់បោះបង់ការផលិត។ [...] ទិសដៅទៅមុខ យើងចង់រៀបចំយន្តការកែច្នៃ ដើម្បីឱ្យការប្រមូលផលស្លឹកគ្រៃមក ក្រៅពីការនាំចេញ យើងកែច្នៃឱ្យទៅជាផលិតផលស្លឹកគ្រៃក្រៀម អីចឹងវាត្រូវការទូរសម្ងួត ម៉ាស៊ីនខ្ចប់តែ ត្រូវការម៉ាស៊ីនលាងសម្អាត ទើបយើងធានាបាននូវដំណើរការជាប់លាប់ ហើយពេលនោះ នឹងគ្មានការរាំងស្ទះដំណើរការប្រមូលផលនោះទេ ព្រោះខាងភាគីថៃគេនៅសួរនាំមកយើងពីស្លឹកគ្រៃក្រៀម ដើម្បីគេទិញនាំចេញទៅចិន»

ជាមួយគ្នាលោក អំពាវនាវដល់ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ផ្តល់ភាពងាយស្រួលក្នុងការផ្តល់កម្ចីដល់សហគមន៍នេះ ដើម្បីយកមកអភិវឌ្ឍន៍ការដាំដុះ និងការកែច្នៃផ្សេងៗ ដោយសារតែបច្ចុប្បន្ននេះ ប្រជាកសិករនៅខ្វះទុនច្រើន។

កាលពីខែមីនាកន្លងទៅនេះ ស្លឹកគ្រៃភ្លុកដំរី ត្រូវបាននាំចេញជាលើកដំបូង ទៅប្រទេសកាណាដាចំនួន២០តោន ហើយនៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនមួយទៀត គ្រោងនាំចេញក្នុងបរិមាណប្រហែល២០តោនដដែល ទៅប្រទេសកាណាដា ខណៈទីផ្សារប្រទេសថៃត្រូវបានផ្អាកទាំងស្រុង ដោយសារការរីករាលដាលជំងឺកូវីដ១៩ និងកសិករមិនអាចផលិតទាន់តាមការបញ្ជាទិញ ព្រោះការផលិតពឹងផ្អែកលើអាកាសធាតុ ទើបទីផ្សារថៃផ្អាកទិញសិន។

លោកបន្តថា សម្រាប់ទីផ្សារស្លឹកគ្រៃស្រស់ក្នុងស្រុក មិនអំណោយផលនោះទេ ព្រោះមានតម្លៃទាប ស្របដែលរយៈចម្ងាយដឹកជញ្ជូន ពីខេត្តបន្ទាយមានជ័យ ដល់រាជធានីភ្នំពេញ ឆ្ងាយ បានធ្វើឱ្យស្លឹកគ្រៃនេះ ថយគុណភាព នាំឱ្យ អ្នកទិញរារែកចិត្តមិនចង់ទិញ។ បច្ចុប្បន្ននេះ ស្លឹកគ្រៃភ្លុកដំរី ត្រូវបានដាំដុះប្រមាណជាង២០០ហិតតា នៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងបាត់ដំបង៕