(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់អំពីការប្រមូលអាករលើតម្លៃបន្ថែម (VAT) ដោយបញ្ជាក់ថា ពន្ធនេះជាបន្ទុករបស់អ្នកជាប់ពន្ធ មិនមែនជាបន្ទុកក្រុមហ៊ុនទេ។

លោក គង់ វិបុល បានបញ្ជាក់ថា ការប្រមូលពន្ធអាករលើតម្លៃបន្ថែម (VAT) នេះ គឺអគ្គនាយកដ្ឋានពន្ធដារ ខ្ចីដៃរបស់សហគ្រាស ដែលបានចុះបញ្ជី ឲ្យអគ្គនាយកដ្ឋានពន្ធដារ ជួយប្រមូលពន្ធទៅលើតម្លៃនៃការលក់នោះ ១០ភាគរយថែមទៀត ចំពោះអ្នកជាប់ពន្ធ។

ការពន្យល់អំពីការប្រមូលពន្ធ VAT របស់លោក គង់ វិបុល ធ្វើឡើងក្នុងពិធីបើកដំណើរការជាផ្លូវការ នូវកម្មវិធីវិក្កយបត្រ នាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw Application) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា អ្នកខ្លះចេះតែរអ៊ូថា ខ្ញុំបង់ពន្ធ VAT ច្រើនណាស់ ខ្ញុំសូមជម្រាបប្រជាពលរដ្ឋទាំងអស់ ជម្រាបដល់អ្នកជាប់ពន្ធ និងអាជីវកម្មទាំងអស់ថា ពន្ធអាករលើតម្លៃបន្ថែម (VAT) គឺមិនមែនជាបន្ទុករបស់អ្នកជាប់ពន្ធ ឬជាបន្ទុករបស់ក្រុមហ៊ុនទេ គ្រាន់តែយន្តការ VAT នេះយើងខ្ញុំខ្ចីដៃរបស់សហគ្រាសដែលបានចុះបញ្ជី ជួយប្រមូលឲ្យលើតម្លៃនៃការលក់ ១០ភាគរយថែម ហើយ១០ភាគរយនោះមិនអាចយកចូលក្នុងកុងធនាគាររបស់សហគ្រាសបានទេ ១០ភាគរយនេះគឺជាប្រាក់ពន្ធដែលប្រជាពលរដ្ឋ បង់មកឲ្យរដ្ឋ»

លោក គង់ វិបុល បានគូសបញ្ជាក់ថា ពន្ធ VAT ១០ភាគរយ គឺជាពន្ធដែលមានការចូលរួមចំណែកពីប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះ កម្ពុជាអត់មានពន្ធលើរូបវន្តបុគ្គលទេ តែពន្ធ VAT នេះ គឺអនុវត្តទូទៅ ហើយពន្ធនេះ គឺគិតថ្លៃទៅលើទំនិញ ឬសេវាផ្សេងៗពីអ្នកជាប់ពន្ធ៕