(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី វិក្កយបត្រនាំសំណាង «GDT Lucky Draw App» ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice) ចូលមានឱកាសចាប់ឆ្នោតយករង្វាន់។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអបអរសារទរ ចំពោះការដាក់ដំណើរការកម្មវិធី វិក្កយបត្រនាំសំណាង និងបានចាត់ទុកថា ការដាក់ឲ្យប្រើប្រាស់កម្មវិធី «វិក្កយបត្រនាំសំណាង» ដើម្បីបង្កើនការប្រមូលព័ត៌មាន និងពង្រឹងយុទ្ធសាស្រ្ដកៀងគរចំណូល។

លោក គង់ វិបុល បានថ្លែងថា «ការដាក់ឲ្យប្រើប្រាស់កម្មវិធី វិក្កយបត្រនាំសំណាង ជាយន្ដការមួយក្នុងវិធានការរាប់សិនដទៃទៀត នៃវិធានការរបស់ពន្ធដារ ដើម្បីពង្រឹងអនុឡោមភាព ពង្រឹងការប្រមូលចំណូលឲ្យមានចីរភាព។ ចំពោះកម្មវិធីនេះប្រៀបដូចជាព្រួញមួយ ដែលបាញ់បានសត្វច្រើន តាមរយៈការពង្រឹងការប្រមូលចំណូល, ពង្រឹងការអនុវត្តន៍វិក្កយបត្រ ដែលបានណែនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពន្ធដារ»

លោកបានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនេះ ធ្វើឡើងក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត ដែលបានចែងរួចរាល់ក្នុងយុទ្ធសាស្រ្ដកៀងគរចំណូល។ កម្មវិធីវិក្កយបត្រនាំសំណាង នឹងរួមចំណែកជួយប្រមូលពន្ធឲ្យអស់ពីសក្ដានុពល។

លោកបានបញ្ជាក់បន្ថែមថា ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើរវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាងនេះ។

លោកបានបន្ថែមថា ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើរចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាងរបស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។ ចំពោះបញ្ហានេះប្រៀបដូចជាការប្រមូលព័ត៌មានជូន ដល់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដើរទៅរកអ្នកដែលមិនបានមកចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ ឲ្យមកចុះបញ្ជី។

លោកបន្ថែមថា នេះជាឱកាសមួយ ជាព័ត៌មាន និងជាយន្ដការមួយ ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារ មន្រ្ដីតាមបណ្ដាខេត្ត ខណ្ឌ ក៏ចុះដល់មូលដ្ឋានតាមបណ្ដាហាងនានា ដែលមិនបានចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ ធ្វើការណែនាំ និងតម្រូវឲ្យទៅចុះបញ្ជីជាដើម៕