(ភ្នំពេញ)៖ ក្រុមហ៊ុន King Technologies Co.,Ltd ដែលគេស្គាល់ថាជាក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន Opennet ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភានេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់យ៉ាងដូច្នេះថា «អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ»

សូមជម្រាបថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបមានការតែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕