(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារ ជាមួយលោកស្រី ម៉ារីសា ហារុតា (Marisa Haruta) តំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រត្តិបត្តិការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ព្រមទាំងកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យធុរកិច្ច។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមសហការ លើកកម្ពស់វិស័យឯកជន ក្នុងកិច្ចការពាណិជ្ជកម្ម និងគាំទ្រកិច្ចសហប្រតិបត្តិការ កម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

១៖ កិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត

* រួមគ្នាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន/អាស៊ីខាងកើត
* ស្នើជារបាយការណ៍អនុសាសន៍របស់ក្រុមហ៊ុនឯកជនជូនដល់ថ្នាក់ដឹកនាំ អាស៊ាន/អាស៊ីខាងកើត
* សហការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន និងជំរុញឲ្យក្រុមហ៊ុននានា ជួយឧបត្ថម្ភកិច្ចប្រជុំកំពូលនេះ

២៖ កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម
* ចូលរួមបង្កើតបរិយាកាធុរកិច្ចល្អ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
* សហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ រួមមានដូចជា ជំនួបពាណិជ្ជកម្ម សិក្ខាសាលា សន្និសីទពិព័រណ៍ពាណិជ្ជកម្ម និងបេសកម្មធុរកិច្ចជាដើម។

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលជាង១០ឆ្នាំនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការធ្វើកម្មវិធីជាច្រើនរួមគ្នា។ ស្ថាប័នទាំងពីរ សម្រេចបាននូវការអនុវត្តវកម្មវិធី និងគម្រោងជាច្រើន ប្រកបដោយផ្លែផ្កាគួរឲ្យកត់សម្គាល់។

ដូច្នេះពិធីចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ ជាសញ្ញាវិជ្ជមានមួយ ដែលជួយពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅទូលំទូលាយជាងមុន នូវកិច្ចសហប្រត្តិការ របស់ស្ថាប័នទាំងពីរ។

បន្ថែមពីលើនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ នឹងជួយរក្សានូវទំនាក់ទំនងល្អ និងកិច្ចប្រឹងប្រែងរួមគ្នា របស់ស្ថាប័នទាំងពីរ ដើម្បីធានាឲ្យបាននូវផលប្រយោជន៍ជាអតិបរមា ក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ៕