(កូឡុំបូ)៖ តួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ការនាំចេញស្លឹកតែប្រភេទសំខាន់ៗរបស់ប្រទេសស្រីលង្កាដែលរងគ្រោះដោយវិបត្តិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៣ឆ្នាំ ដោយសារការហាមឃាត់នាំចូលជី និងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ស្លឹកតែគឺជាទំនិញនាំចេញធំជាងគេរបស់ប្រទេសដីកោះមួយនេះ ដោយនាំមកនូវប្រាក់ចំណូលប្រហែល ១,៣ពាន់លានដុល្លារក្នុងមួយឆ្នាំមុនពេលជួបប្រទះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន ដែលជាវិបត្តិអាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។

ប៉ុន្តែការហាមប្រាមលើការនាំចូលជីកាលពីឆ្នាំមុន ដែលបានធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពវិនាសដើម្បីសន្សំរូបិយប័ណ្ណបរទេស និងជៀសវាងការបរាជ័យសងបំណុល បានប៉ះពាល់ដល់អ្នកដាំដុះយ៉ាងធ្ងន់ធ្ងរ ដោយផលិតកម្មបានធ្លាក់ចុះ ១៨% សម្រាប់រយៈពេលពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យគយស្រីលង្កាថា ការនាំចេញនៅត្រីមាសទីមួយក្នុងឆ្នាំ២០២២ បានធ្លាក់ចុះមកត្រឹម ៦៣,៧លានគីឡូក្រាម ធ្លាក់ចុះពី ៦៩,៨លានគីឡូក្រាមដែលសម្រេចបានក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំមុន។

ចំនួនសរុបនេះមានកម្រិតទាបបំផុតចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ១៩៩៩ នៅពេលដែលប្រទេសនេះបាននាំចេញតែ ៦០,៣លានគីឡូក្រាម។

ប្រាក់ចំណូលពីការនាំចេញសម្រាប់ត្រីមាសទីមួយក៏បានធ្លាក់ចុះមកនៅត្រឹម ២៨៧លានដុល្លារផងដែរ ដោយធ្លាក់ចុះពី ៣៣៨លានដុល្លារ។

ក្រុមហ៊ុនឈ្មួញកណ្តាលជួញដូរស្លឹកតែ Asia Siyaka បានស្តីបន្ទោសការធ្លាក់ចុះនេះថាបណ្តាលមកពីបម្រាមនាមចូលជីគីមីសម្រាប់កសិកម្ម ដែលត្រូវបានលើកឡើងដោយរដ្ឋាភិបាលស្រីលង្កាថាជាការជំរុញឱ្យប្រទេសនេះធ្វើកសិកម្មសរីរាង្គ ១០០% ។

ការហាមប្រាមនេះត្រូវបានលុបចោលវិញនៅខែតុលា បន្ទាប់ពីមានប្រតិកម្មពីឧស្សាហកម្មតែ ប៉ុន្តែកសិករនៅតែមិនអាចទទួលបានជីដែលនាំចូល ខណៈពេលដែលប្រទេសនេះអស់ប្រាក់ដុល្លារក្នុងពេលដំណាលគ្នា។

មន្ត្រីក្នុងឧស្សាហកម្មថៃបានបន្ថែមថា ប្រហែល ១០% នៃការនាំចេញតែរបស់ប្រទេសស្រីលង្កាក៏រងផលប៉ះពាល់ដោយការលុកលុយរបស់រុស្ស៊ីទៅលើប្រទេតសអ៊ុយក្រែនផងដែរ។ ប្រទេសទាំងពីរគឺជាអតិថិនធំដែលទីញតែខ្មៅក្រអូបរបស់ដីកោះនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕