(បាងកក)៖ នាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha បានឱ្យដឹងថា ប្រទេសថៃអាចរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ ឬប្រហែលពាក់កណ្តាលនៃកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកបានថ្លែងថា ការព្យាករនេះទំនងក្លាយជាការពិតដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនធ្លាក់ទៅរកស្ថានភាពអាក្រក់ឡើយ និងគ្មានការលេចឡើងការគំរាមកំហែងថ្មីចំពោះវិស័យទេសចរណ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Prayut ថា ភ្ញៀវទេសចររាប់ម៉ឺននាក់កំពុងចូលមកក្នុងប្រទេសរៀងរាល់ថ្ងៃ ហើយស្ថានភាពបានប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការរឹតបន្តឹងការចូលប្រទេសត្រូវបានបន្ធូរបន្ថយ។

លោកបានបន្តថា ផែនការកំណត់យកកម្រៃភ្ញៀវទេសចរអន្តរជាតិសម្រាប់ការធ្វើដំណើរក្នុងប្រទេសថៃនៅមិនទាន់អនុវត្តនៅឡើយទេ ដោយរង់ចាំការពិភាក្សាបន្ថែមទៀត ហើយទោះបីជាមានការថមថយចុះបន្តិចនៃកំណើនសេដ្ឋកិច្ចក៏ដោយ ក៏ការកើនឡើងនៃការនាំចេញដោយសារតែប្រាក់បាតធ្លាក់ចុះ ជាពិសេសផលិតផលកសិកម្ម និងការកើនឡើងភ្ញៀវទេសចរបរទេសផ្តល់ហេតុផលសម្រាប់សុទិដ្ឋិនិយមនេះ។

ការថ្លែងរបស់លោកធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅសប្តាហ៍នេះ។

លោកបានបន្តថា ជារួមសេដ្ឋកិច្ចថៃបានកើនឡើងក្នុងអត្រាប្រសើរក្នុងត្រីមាសទីមួយនៃឆ្នាំនេះធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕