(ញូវយ៉ក)៖ កាលពីថ្ងៃអង្គារ តម្លៃមាសបានធ្លាក់ចុះទៅរកកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ខណៈការឡើងថ្លៃប្រាក់ដុល្លារនិងការំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិកបានបង្អាក់ចំណាប់អារម្មណ៍លើការទិញមាសទុកធ្វើជាទ្រព្យសម្រាប់ការពារអតិផរណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសដុំនៅក្នុងទីផ្សារទិញលក់ភ្លាមៗបានធ្លាក់ចុះ ០,៣% ដោយជួញដូរក្នុងតម្លៃ ១.៨៥៨,‌ដុល្លារក្នុងមួយអោន (២៨,៣៤៩៥ក្រាម)។ កាលពីថ្ងៃចន្ទ មាសដុំបានធ្លាក់ថ្លៃច្រើនជាង ២% ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ ដោយសារប្រាក់ដុល្លារឡើងថ្លៃ និងទិន្នផលមូលបត្របំណុលកើនឡើងដោយសារការរំពឹងទុកថានឹងមានការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ជាងមុនដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។

តម្លៃមាសក្នុងកិច្ចសន្យាជួញដូរអនាគតមាសនៅសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះ ០,៣% ផងដែរមកនៅត្រឹម ១.៨៥៧,២ដុល្លារក្នុងមួយអោន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកលោក Michael McCarthy ប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុន Tiger Brokers ក្នុងប្រទេសអូស្ត្រាលីថា មានហានិភ័យនៃការធ្លាក់ចុះរយៈពេលខ្លីសម្រាប់មាស ដោយអាចធ្លាក់ចុះដល់ចន្លោះពី ១.៨១០ដុល្លារទៅ ១.៧៩០ដុល្លារក្នុងមួយអោនដោយសារសម្ពាធដែលកើតចេញពីការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ និងការឡើងថ្លៃប្រាក់ដុល្លារ។

ប្រាក់ដុល្លារនៅតែស្ថិតក្នុងតម្លៃខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំដែលធ្វើឱ្យចំណាប់អារម្មណ៍លើមាសមានការធ្លាក់ចុះពីសំណាក់អ្នកទិញនៅបរទេស ខណៈដែលកាលពីថ្ងៃចន្ទទិន្នផលមូលបត្របំណុលរតនាគារដែលមានអាយុកាល ១០ឆ្នាំ បានកើនឡើងដល់ ៣% ជាលើកដំបូងគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨។

គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធរបស់ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិភាក្សាអំពីអត្រាការប្រាក់ ហើយត្រូវបានគេរំពឹងថានឹងដំឡើងថ្លៃដើមលើប្រាក់កម្ចី (borrowing costs) នេះ ០,៥ភាគរយនៅពេលប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួននៅថ្ងៃពុធ។ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួន ០,២៥ភាគរយ ឬ២៥ពិន្ទុគោលកាលពីខែមីនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕