(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានឱ្យដឹងថា ខ្លួនរំពឹងថាលំហូរទំនិញជាមួយប្រទេសចិននឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងនឹងកើនដល់ ២០០ប៊ីលានដុល្លារនៅឆ្នាំ២០២៤ ខណៈដែលទីក្រុងម៉ូស្គូប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើងពីប្រទេសលោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសចិនបានបដិសេធមិនថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ។ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ផងដែរកាលពីក្នុងខែកុម្ភៈ។

ដោយដកស្រង់សំដីរបស់លោកលោក Georgiy Zinoviev ប្រធាននាយកដ្ឋានអាស៊ីទីមួយនៃក្រសួងការបរទេសរុស្ស៊ី ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា៖ «យើងកំពុងផ្តោតលើការសម្រេចបានគោលដៅដែលកំណត់ដោយប្រមុខរដ្ឋទាំងពីរដើម្បីនាំមកនូវចំណូលពាណិជ្ជកម្មទ្វេភាគីដល់ ២០០ ប៊ីលានដុល្លារនៅឆ្នាំ២០២៤»។

លោកមានប្រសាសន៍ថា៖ «លើសពីនេះ យើងស្នើថា ការសម្រេចបានតួលេខដ៏មានមហិច្ឆតានេះលឿនជាងការគ្រោងទុក គឺពិតជាអាចទៅរួច»

ដោយពាណិជ្ជកម្មរបស់រុស្ស៊ីត្រូវរងទណ្ឌកម្ម លោក Zinoviev បាននិយាយថា រុស្ស៊ីត្រូវការពេលវេលា ដើម្បីសម្របខ្លួន។ លោកបន្ថែមថា ការប្រយុទ្ធប្រឆាំងរបស់ប្រទេសចិនជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ជាកត្តាមួយដែលអាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងនានាផងដែរ។

លោក Zinoviev បានឱ្យដឹងទៀតថា៖ «ក្រុមហ៊ុនចិននៅតែចាប់អារម្មណ៍ក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីដែលឱកាសបន្ថែមកំពុងបើកចំហរដោយសារការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចមួយចំនួន»

តែលោកក៏បានទទួលស្គាល់ហានិភ័យនៃការចាត់វិធានការនានា ដែលក្រុមហ៊ុនចិនអាចប្រឈមមុខផងដែរ ប្រសិនបើក្រុមហ៊ុនទាំងនោះជួយរុស្ស៊ីឱ្យជៀសផុតពីការដាក់ទណ្ឌកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕