(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់កម្មវិធី វិក្កយបត្រនាំសំណាង «GDT Lucky Draw App» ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice) ចូល មានឱកាសចាប់ឆ្នោតយករង្វាន់។

កម្មវិធីវិក្កយបត្រនាំសំណាង «GDT Lucky Draw App» នេះ នឹងមានការចាប់ជារង្វាន់ជាច្រើន ដោយក្នុងនោះរួមមាន៖ មានរថយន្ត Mazda, ទូរទស្សន៍, ទូរស័ព្ទដៃ និងម៉ូតូជាច្រើនគ្រឿង។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានឲ្យដឹងថា ការដាក់ចេញ App នេះ ដើម្បីពង្រឹងអភិបាលកិច្ចទាំងអស់គ្នា ដែលក្នុងនោះប្រជាពលរដ្ឋបានត្រូវរង្វាន់ផង ហើយរដ្ឋបានពន្ធថែមទៀត។

លោកថា ការដាក់ចេញគោលការណ៍នេះ ដើម្បីពង្រឹងទាំងអស់គ្នា នូវវិធានវិក្កយបត្រ តាមរយៈការចូលរួមចំណែក ពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីពង្រឹងតម្លាភាព និងអភិបាលកិច្ចទាំងអស់គ្នា។

ការពង្រឹងវិធានវិក្កយបត្រ នៅក្នុងពេលកូវីដមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងនូវវិធាន វិក្កយបត្រនេះ ពន្ធដារដាក់ចេញគោលការណ៍នេះ ដើម្បីលើកទឹកចិត្ត ដល់ប្រជាជនទាំងអស់។

លោក គង់ វិបុល បានបន្ដទៀតថា នៅពេលដែលដាក់ដំណើរការ App នេះ ប្រជាជននៅពេលទៅទិញអីក៏ដោយ អាប់ឡូដ Invoice ពន្ធដារមាន Service ចាំទទួល Invoice ដើម្បីយកមកផ្ទៀងផ្ទាត់ថា តើវិធានវិក្កយបត្រនេះត្រូវ ឬអត់ បើសិនជាមិនត្រឹមត្រូវ នឹងមានការពិន័យមួយ Invoice ២លានរៀល ទៅកាន់ទីតាំងនោះ៕